លោក​ David Beckham អតីត​កីឡាករ​របស់​ក្លឹប​ Manchester United បាន​និយាយ​ទៅកាន់​សារព័ត៌មាន​ Sky Sports កាល​ពី​ម្សិលមិញ​ដោយ​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នៅ​បន្ត​ជា​មួយ​ក្រុម​បិសាច​ក្រហម​ ១-២ឆ្នាំ​ទៅ​មុខ​ទៀត​។

Cristiano Ronaldo
Cristiano Ronaldo

លោក​ Beckham បាន​និយាយ​ថា​៖” ប្រាកដ​ណាស់​ Ronaldo គឺ​ជា​កីឡាករ​មួយ​រូប​ដែល​ល្អ​ជាង​គេ​នៅ​រយៈពេល​ ១៥ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​មួយ​ Messi។ ឃើញ​គេ​បែប​ហ្នឹង​សង្ឃឹម​ថា​គេ​នឹង​នៅ​ Man Utd បន្ត​ព្រោះ​គេ​សំខាន់​ចំពោះ​អ្នកគាំទ្រ​នៅ​ទី​នេះ​ណាស់​ ហើយ​ក៏​សំខាន់​ចំពោះ​ខ្លួន​គេ​ដែរ​។ ពួក​យើង​ដឹង​ស្រាប់​ហើយ​ថា​ Man Utd មាន​ន័យ​បែប​ណា​ចំពោះ​គេ​ “។

លោក​បាន​បន្ត​ថា​៖” ណា​មួយ​ទៀត​គេ​នៅ​តែ​លេង​បាន​ល្អ​ខ្លាំង​។ ស៊ុត​បញ្ចូល​ បង្កើត​ឱកាស​ស៊ុត​បញ្ចូល​នេះ​សុទ្ធ​តែ​អ្វី​ដែល​ Ronaldo បាន​ធ្វើ​កន្លង​មក​។ ទោះ​ជា​អាយុ​គេ​ច្រើន​ប៉ុណ្ណឹង​ហើយ​ គេ​នៅ​តែ​អាច​ធ្វើ​អញ្ចឹង​បាន​ទៀត​គឺ​ពិត​ជា​អស្ចារ្យ​ណាស់​។ សង្ឃឹម​ថា​គេ​បន្ត​អញ្ចឹង​ទៀត​ មួយ​ទៀត​នោះ​គឺ​សង្ឃឹម​ថា​គេ​នឹង​បន្ត​នៅ​ Man Utd នេះ​ ១-២ឆ្នាំ​ទៀត​ “។

ចាប់​តាំង​ពី​ លោក​ Erik Ten Hag ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ Man Utd ចាប់​រដូវកាល​នេះ​ខាង​មុខ​នេះ​ទៅ​ អនាគត​របស់​ Ronaldo ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ នឹង​មាន​ភាព​ប្រឈម​ ព្រោះ​អ្នកចាត់ការ​ថ្មី​នេះ​មាន​ការ​រុះរើ​ក្លឹប​នេះ​ច្រើន​ដើម្បី​កែទម្រង់​។ យ៉ាង​ណា​បើ​តាម​ព័ត៌មាន​ថ្មី​ៗនេះ​ ទាំង​ Ten Hag គឺ​ចង់​ឲ្យ​ Ronaldo នៅ​ ហើយ​ខ្សែ​ប្រយុទ្ធ​នេះ​ផ្ទាល់​ក៏​ចង់​បន្ត​។

ក្នុង​រដូវកាល​នេះ​ Ronaldo ស៊ុត​ចូល​ឲ្យ​ Man Utd ២៤គ្រាប់​ ក្នុង​ប្រកួត​ចូល​រួម​សរុប​ ៣៨ប្រកួត​៕