ខ្សែបម្រើ Philip Billing

ខ្សែបម្រើ Philip Billing បានចូលរួមជាមួយនឹងក្លិប Bournemouth ពីក្លិប Huddersfield សម្រាប់តម្លៃខ្លួនបិទជិតមួយដែលត្រូវបានគេជឿជាក់ថា មានចំនួនប្រមាណជា១៥លានផោន (ស្មើនឹង១៨,៣លានដុល្លារអាមេរិក)។

Philip Billing

ការផ្ទេររបស់ខ្សែបម្រើអន្តរជាតិដាណឺម៉ាកអាយុក្រោម ២១ឆ្នាំរូបនេះ ត្រូវបានប្រកាសឡើងដោយក្លិប Bournemouth កាលពីថ្ងៃចន្ទ ខណៈ Billing វ័យ ២៣ឆ្នាំ បានចុះហត្ថលេខាលើកុងត្រារយៈពេលវែងមួយ។ Billing ដែលបានបង្ហាញខ្លួន៩១លើកក្នុងរាល់យុទ្ធនាការទាំងអស់សម្រាប់ក្លិប Huddersfield ក្រោយពីផ្ទេរមកពីក្លិប Esbjerg កាលពីឆ្នាំ២០១៣ នោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាកីឡាករម្នាក់របស់ក្លិប AFC Bournemouth»។

photo of Philip Billing
Philip Billing

កីឡាកររូបនេះបានបន្ថែមទៀតថា៖ «នៅពេលដែលខ្ញុំបានដឹងពីការចាប់អារម្មណ៍របស់ក្លិបនេះភ្លាមៗ ខ្ញុំមិនមានការស្ទាក់ស្ទើរក្នុងចិត្តរបស់ខ្ញុំឡើយ។ វាជាការសម្រេចចិត្តដ៏ងាយស្រួលមួយក្នុងការធ្វើឡើងដើម្បីចូលរួមក្នុងក្រុមមួយដែលប្រជុំដោយកីឡាករឆ្នើមៗ និងអ្នកចាត់ការទូទៅដ៏ល្អដូចជាលោក Eddie Howe។ នេះគឺជាជំហានដ៏រំភើបមួយសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាចង់ចាប់ផ្តើមណាស់»។ ស្របពេលជាមួយគ្នានេះ ការផ្ទេររបស់កីឡាករ Idrissa Gueye ក្នុងតម្លៃខ្លួន៣២លានអឺរ៉ូ ទៅកាន់ក្លិប Paris Saint-Germain ពីក្លិប Everton ជិតបំពេញជាផ្លូវការហើយ ក្រោយពីខ្សែបម្រើការពារសេណេហ្គាល់រូបនេះ បានពិនិត្យសុខភាពរួចរាល់កាលពីថ្ងៃចន្ទ៕