Casemiro ថាឲ្យអ្នកគាំទ្រ Real Madrid រឿងស្រែកចំអកឲ្យ Bale
ខ្សែបម្រើរបស់ Real Madrid កីឡាករ Casemiro បានចេញមកការពារ Gareth Bale បន្ទាប់ពីត្រូវអ្នកគាំទ្រ Real Madrid មួយចំនួនបានស្រែកចំអកឲ្យអំឡុងការប្រកួតកាលពីចុងសប្ដាហ៍។

Bale បានបង្ហាញខ្លួនជាលើកដំបូងក្នុងកីឡដ្ឋាន Bernabeu កាលពីថ្ងៃសៅរ៍និងប្ដូរចូលក្នុងនាមជាកីឡាករបម្រុង។ អំឡុងពេលកីឡាករសញ្ជាតិវែលឈរត្រៀមរត់ចូលទីលាន ស្រាប់តែឮសំឡេងស្រែកចំអកពីខាងក្រុមអ្នកគាំទ្រ Madrid ហើយខណៈនោះ Bale បានញញឹមនិងចូលលេងធម្មតា។
ដោយសារតែបញ្ហារាលដាលជំងឺកូវីដ និង Bernabeu ត្រូវរៀបចំឡើងវិញ Bale បង្ហាញខ្លួនចុងក្រោយនៅកីឡដ្ឋាននេះកាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយទល់នឹង Man City។ ពាក់ព័ន្ធនឹងការស្រែកចំអកពីអ្នកគាំទ្រ មិត្តរួមក្រុម Casemiro បានថាឲ្យអ្នកគាំទ្រទាំងនោះចំៗ និងការពារ Bale។
Casemiro និយាយថា៖ “ខ្ញុំមិនចូលចិត្តវាទេ ពេលដែលពួកគេស្រែកចំអកឲ្យ Bale។ គេគឺជាកីឡាករប្រវត្តិសាស្ត្ររបស់ Real Madrid។ ពេលដែលពួកគេស្រែកចំអកឲ្យ Bale វាដូចជាពួកគេចំអកឲ្យប្រវត្តិសាស្ត្រក្លឹបអ៊ីចឹងៗ។ ពួកយើងត្រូវការអ្នកគាំទ្រនៅពីក្រោយពួកយើង ហើយពេលដែលពួកគេចំអកឲ្យម្នាក់ មានន័យថាពួកគេចំអកឲ្យក្រុមទាំងមូល”៕