ក្លិប Chelsea ត្រូវបានគេរាយការណ៍ថាបានបញ្ជូនគ្រូផ្នែកឃ្លាំមើលសមត្ថភាពកីឡាករ (scout) របស់ខ្លួនទៅតាមដានពីទម្រង់លេងរបស់ខ្សែបម្រើក្លិប Lazio កីឡាករ Sergej Milinkovic-Savic អំឡុងពេលដែលកីឡាកររូបនេះប្រកួតជាមួយនឹងក្លិប Celtic ក្នុងព្រឹត្តិការណ៍ Europa League កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

photo of Sergej Milinkovic-Savic 
កីឡាករ Sergej Milinkovic-Savic

កីឡាករវ័យ២៤ឆ្នាំរូបនេះជាខ្សែបម្រើដ៏ឆ្នើម១រូបប្រចាំក្របខណ្ឌអ៊ីតាលី Serie A បន្ទាប់ពីរូបគេបានបង្ហាញទម្រង់យ៉ាងលេចធ្លាអោយក្រុម Lazio ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះដែរក្នុងរដូវកាលថ្មីនេះរូបគេស៊ុតបញ្ចូលទីបាន២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៤ដងក្នុងការបង្ហាញខ្លួនចំនួន១០ប្រកួត។

តាមរយៈរបាយការណ៍របស់គេហទំព័រ Transfermarkt បានអោយដឹងថាកីឡាករសញ្ជាតិស៊ែប៊ីរូបនេះបច្ចុប្បន្នមានតម្លៃខ្លួនប្រមាណ៦៥លានអឺរ៉ូ (ឬប្រហែល៧២,២លានដុល្លារអាមេរិក)។

photo of Sergej Milinkovic-Savic 
កីឡាករ Sergej Milinkovic-Savic

យោងតាមកាសែត TuttoMercato បានអោយដឹងថាគ្រូផ្នែកឃ្លាំមើលសមត្ថភាពកីឡាកររបស់ក្លិប ​Chelsea បានមានវត្តមានក្នុងការប្រកួតរវាងក្លិប Lazio ទល់នឹងក្លិប Celtic ក្នុងក្របខណ្ឌ Europa League កាលពីម្សិលមិញនេះក្នុងគោលបំណងតាមដានពីសមត្ថភាពរបស់ខ្សែបម្រើសញ្ជាតិស៊ែប៊ីកីឡាករ Sergej Milinkovic-Savic ។

photo of Sergej Milinkovic-Savic 
កីឡាករ Sergej Milinkovic-Savic

គួររម្លឹកផងដែរថាកីឡាករ Milinkovic-Savic បានចាកចេញពីក្លិប Genk មកចូលរួមជាមួយនឹងក្លិប Lazio កាលពីឆ្នាំ២០១៥ក្នុងតម្លៃ១៨លានអឺរ៉ូ (ឬប្រហែល២០លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន១៧៣ប្រកួតស៊ុតបញ្ចូលទីបាន៣៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន២៣ដង៕