ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់ផ្ទេរយក ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Federico Chiesa នៅឆ្នាំក្រោយ ដោយពួកគេខកខានមិនបានផ្ទេរយកកីឡាកររូបនេះ កាលពីរដូវកាលដោះដូរកីឡាករនៅរដូវក្តៅ។

Federico Chiesa
Federico Chiesa

ជាការពិតណាស់ កីឡការសញ្ជាតិអ៊ីតាលីខាងលើ បានដើរតួយ៉ាងសំខាន់ ក្នុងការទទួលបានជោគជ័យក្នុងការប្រកួតពាន Euro ២០២០ កន្លងទៅនេះ។ គេបានស៊ុតបាល់បញ្ចូលទី ១ គ្រាប់ក្នុងការបង្ហាញខ្លួន ៤ ប្រកួតនៅក្របខណ្ឌ Serie A ក្រោមការដឹកនាំ របស់លោក Massimiliano Allegri នៅរដូវកាល ឆ្នាំ ២០២១-២២ នេះ។

បើយោងតាមសារព័ត៌មាន Calciomercato បានចុះផ្សាយឱ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែព្យាយាមវាយលុកទីផ្សារដោះដូរកីឡាករសាជាថ្មីម្តងទៀត នៅប៉ុន្មានខែខាងមុខនេះ ដោយក្រុមតោខៀវបានប្តេជ្ញាថានឹងនាំយកខ្សែប្រយុទ្ធឆ្នើមខាងលើមក​​កាន់ទឹកដី Stamford Bridge ឲ្យទាល់តែបាន នៅឆ្នាំ ២០២២ ខាងមុខនេះ។

គួរបញ្ចាក់ផងដែរថា Chiesa បានស៊ុតបាល់បញ្ចូលទី ១៥ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន ១០ ដង ក្នុងការបង្ហាញខ្លួន ៤៧ លើកសម្រាប់ Juventus៕