photo of Gonzalo Higuain
Chelsea បង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Gonzalo Higuain ជាថ្មី

ក្លឹប​ Chelsea បានចាប់ផ្តើម​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​​លើ​កីឡាករ Gonzalo Higuainជាថ្មីទៀតនៅ​មុន​រដូវកាល​ផ្ទេរកីឡាករ​ខែ​មករា​ខាងមុខ​នេះ។ ខ្សែប្រយុទ្ធសញ្ជាតិ​អាហ្សង់ទីន​រូបនេះ​គឺជាគោលដៅ​របស់​លោក Maurizio Sarri កាលពីរដូវក្តៅ​ឆ្នាំ​មុន ហើយក្លឹបឆេលស៊ី​ធ្លាប់ចរចាជា​មួយក្លឹប Juventus ដែល​កាលនោះ Gonzalo នៅលេងទីនោះ។

លោក Sarri ចង់​ពង្រឹង​ជម្រើស​ប្រយុទ្ធ​របស់​លោក ហើយ​លោកធ្លាប់​ធ្វើ​ការងារជាមួយ​កីឡាករវ័យ​៣១​ឆ្នាំរូបនេះ​ កាល​លោកនៅ​ដឹកនាំ​ក្លឹប Napoli ។

ទោះបីជា​យ៉ាងណា ការចរចានេះបានបរាជ័យ​ ហើយ​ខ្សែប្រយុទ្ធរូបនេះ​បាន​ផ្ទេរ​ទៅលេងនៅ​ក្លឹប AC Milan ក្នុងកិច្ច​សន្យា​ខ្ចីជើង​មួយរដូវកាល​តម្លៃ​១៦លានផោន​ ដោយ​មាន​ជម្រើស​ទិញដូរជា​ផ្នែកនៃ​ការដោះដូរជាមួយ​ខ្សែការ​ពារ​ឆ្នើម​ Leonardo Bonucci។

Gonzalo​ចាប់ផ្តើម​រដូវកាល​បាន​ល្អ ដោយ​រកបាន​៧គ្រាប់​ក្នុង​១០​ប្រកួត​ ប៉ុន្តែ​ចាប់ផ្តើម​ខកចិត្ត​កាន់តែខ្លាំង​ឡើង​ជាមួយ​នឹង​ទម្រង់​លេង​របស់​ក្រុម​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​គម្លាត១៩​ពិន្ទុ​ពី​ក្រុម​នាំមុខ Juventus ៕