photo of Roman Abramovich
លោក Roman Abramovich ម្ចាស់ក្លឹប Chelsea

ក្លឹបតោខៀវ Chelsea បានចេញមុខមកបដិសេធ ចំពោះព័ត៌មានដែលបានចុះផ្សាយថា ម្ចាស់ក្លឹបលោក Roman Abramovich កំពុងតែដើររកអ្នកទិញក្លឹប ក្នុងតម្លៃ ២ពាន់លានផោន។ តាមក្លឹប Chelsea ម្ចាស់ក្លឹបនេះ គ្មានចេតនា លក់ក្លឹបនោះទេ ទោះបីជាលោកមិនអាចមានសិទ្ធិមកមើលការខុសត្រូវ នៅ Stamford Bridge ក៏ដោយ។

ព័ត៌មានដែលបែកធ្លាយដោយកាសែត The Sun នោះគឺមហាសេដ្ឋីរុស្ស៊ី Roman Abramovich កំពុងរៀបចំដាក់លក់ក្លិបបាល់ទាត់ Chelsea ដោយលោកបានជួលធនាគារមួយនៅទីក្រុង New York សហរដ្ឋអាមេរិក ដើម្បីវាយតម្លៃក្លឹប និងផ្ដល់ការប្រឹក្សាយោបល់អំពីការលក់។ ធនាគារ Raine Group បានវាយតម្លៃថា Chelsea មានតម្លៃ២ពាន់លានផោន។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០១៥ ធនាគារ Raine Group ក៏បានជួយ Manchester City លក់ភាគហ៊ុន១៣% ក្នុងតម្លៃ ២៦៥លានផោន ទៅឱ្យ China Media Capital។

photo of Chelsea
ក្លឹប Chelsea

ការបែកធ្លាយព័ត៌មាននេះ គឺស្របពេលដែលលោក Roman Abramovich កំពុងជាប់ក្នុងវិបត្តិការទូត ដោយចក្រភពអង់គ្លេស បដិសេធមិនផ្តល់ទិដ្ឋាការឲ្យរូបលោក ត្រលប់មកអង់គ្លេស តាំងពីខែឧសភា។ បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសមួយចំនួន នៅព្រឹកថ្ងៃអាទិត្យ ទី២៦ខែសីហា ឆ្នាំ ២០១៨ គឺលោក Abramovich ចង់ឲ្យធនាគារវិនិយោគ ជួយស្វែងរកអ្នកវិនិយោគ ក្នុងប្រទេសចិន ឬ អាមេរិក និងពីតំបន់មជ្ឈឹមបូព៌ា ដើម្បីទិញក្លឹប Chelsea។

ប៉ុន្តែ Chelsea បានផ្តល់ហេតុផលថា តើលោកមហាសេដ្ឋីរូបនេះ នឹងលក់ក្លឹបយ៉ាងម៉េចនឹងកើត បើលោកទើបតែបានទិញផ្ទះដ៏ស្កឹមស្កៃមួយ តម្លៃ ៣០លានផោន នៅភាគខាងលិចទីក្រុងឡុងដ៏ ខណៈដែល Chelsea ក៏មានសង្ឃឹមឈ្នះពានរង្វាន់ Premier League ទៀត ព្រោះក្លឹបទើបតែបំបែកកំណត់ត្រាលើតម្លៃខ្លួនរបស់អ្នកចាំទី Kepa Arrizabalaga នៅដើមខែសីហានេះ។

គួរជម្រាបជូនថា លោក Roman Abramovich បានទិញក្លិប Chelsea កាលពីឆ្នាំ២០០៣ ក្នុងតម្លៃ១៤០លានផោន និងបានចំណាយប្រាក់រាប់ពាន់លានផោន ដើម្បីវិនិយោគពង្រឹងក្លឹបនេះ តាំងពីពេលនោះមក រហូតឈ្នះជើងឯកជាច្រើនរួមទាំង Premier League, Champions League និង Europa League៕

ប្រភព៖ foxsports