Chelsea បានដំឡើងប្រាក់ឈ្នួលខ្ពស់ឲ្យ Kante ដើម្បីចងជើងគេក្រោយឮ PSG ចង់បាន

ខ្សែបម្រើអន្តរជាតិបារាំងដ៏មានឥទ្ធិពល N’Golo Kante ដែលត្រូវបានចាត់ទុកថា ជាតួអង្គដ៏សំខាន់ក្នុងក្រុមឈ្នះពាន World Cup របស់លោក Didier Deschamps នោះ ត្រូវបានផ្តល់រង្វាន់ជាមួយនឹងកុងត្រាថ្មីរយៈពេល ៥ឆ្នាំ ដោយក្លិប Chelsea។
យោងតាមសារព័ត៍មានអង់គ្លេសបានឲ្យដឹងថា ក្លឹបតោខៀវគ្រោងចង់បន្តកុងត្រាឲ្យខ្សែបម្រើ Kante ទទួលបានប្រាក់ចំណូលស្ទើរតែគុណនឹង២ដង ទៅលើប្រាក់ចំណូលនាពេលបច្ចុប្បន្នរបស់គេ ដែលមានចំនួន១៥ម៉ឺនផោន ក្នុង១សប្តាហ៍ ដែលនឹងផុតកំណត់រហូតដល់ឆ្នាំ២០២១ ដើម្បីលួងកីឡាករឲ្យបន្តនៅលេងឲ្យក្លឹប។ តួលេខនេះ គឺមួយគុណនឹងពីរទៅនឹងប្រាក់ឈ្នួលរបស់ Kante សព្វថ្ងៃ។

Kante បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់ក្នុងពេលក្រុម Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League នៅរដូវកាលឆ្នាំ២០១៦-២០១៧ ក្រោមការដឹកនាំរបស់លោក Conte ក្រោយពីបានផ្ទេរមកពីក្លិប Leicester City សម្រាប់តម្លៃខ្លួន៣២លានផោន។ ការផ្ទេររបស់គេបានកើតឡើង ក្រោយពីរូបគេបានជួយឲ្យ Leicester ឈ្នះពាន Premier League ក្នុងឆ្នាំ២០១៦៕
ក្នុង World Cup ២០១៨ កីឡាករនៅតែបានបង្ហាញទម្រង់លេងល្អ រហូតបានរួមចំណែកជួយបារាំងឲ្យឈ្នះកម្មវិធីមួយនេះ។
ទម្រង់លេងបែបការពារល្អបែបនេះហើយ ទំនងជាកត្តាមួយដែលនាំឲ្យក្លឹបអឺរ៉ុបមួយចំនួនហាក់មានចំណាប់អារម្មណ៍ខ្លាំងលើកីឡាករ។ កន្លងទៅថ្មីៗនេះ របាយការណ៍ និងពាក្យចចាមអារ៉ាមជាច្រើនបានឲ្យដឹងថា PSG កំពុងចង់បានខ្សែបម្រើ Kante ខ្លាំង៕
