Chelsea បានដំឡើងប្រាក់ ២០ម៉ឺនផោនក្នុងមួយសប្ដាហ៍ក៏ Rudiger មិនព្រមបន្តកុងត្រាដែល
អនាគតរបស់ខ្សែការពារ Antonio Rudiger ជាមួយក្លិប Chelsea នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ក៏ព្រោះតែការចរចាបន្តកុងត្រាថ្មីបន្តបរាជ័យ។

បើយោងតាមកាសែត Sportsmail បានឲ្យដឹងថា កិច្ចចរចារវាង Chelsea ជាមួយនឹងខ្សែកាពារសញ្ជាតិអាល្លឺម៉ង់ខាងលើ នៅតែបន្ត ដោយជើងឯកពាន UCL រដូវកាលមុនមួយនេះ ចង់ចងជើង Rudiger ឲ្យនៅទឹកដី Stamford Bridge បន្តឲ្យបានផុតកុងត្រារបស់គេ បច្ចុប្បន្នដែលផុតកំណត់ត្រឹមរដូវក្ដៅខាងមុខនេះ។
ក្នុងកុងត្រាបច្ចុប្បន្ន Rudiger ទទួលបានថ្លៃឈ្នួលនឿយហត់ ១០ម៉ឺនផោន (ឬប្រមាណ ១៣ម៉ឺនដុល្លារកន្លះ) ក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះ បើតាមប្រភពដដែល កិច្ចចរចាចុងក្រោយបង្អស់ Chelsea បានដាក់សំណើ ប្រាក់ពលកម្មក្បែរ២០ម៉ឺនផោន ក្នុងមួយសប្ដាហ៍ ប៉ុន្តែនៅតែមិនអាចថ្ពក់ចិត្ត ខ្សែការពារវ័យ២៨ឆ្នាំ ឲ្យទទួលយក។
យ៉ាងណាមិញ Chelsea មិនទាន់បោះបង់នោះទេ ដោយក្លិបយក្សអង់គ្លេសមួយនេះ ទំនងនឹងព្យាយាមបន្តស្វះស្វែងរកវិធីសាស្ត្រ ដើម្បីសម្រេចកុងត្រាថ្មីជាមួយ Rudiger ក៏ព្រោះតែជើងក្រោមរូបនេះ ស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោកគ្រូ Thomas Tuchel។
គួរបញ្ជាក់ដែរថា Rudiger ជាគោលដៅនាំចូលរបស់ក្លិបធំៗចំនួន២នៅតំបន់អឺរ៉ុប ពោលរួមមានក្លិបយក្សបារាំង Paris Saint-Germain និង ក្លិបអធិរាជស Real Madrid ដោយក្លិបទាំងពីរនេះ សុទ្ធតែធ្លាប់ដាក់សំណើយក Rudiger កាលពីទីផ្សារខែមករា ៕