photo of Antonio Conte
Chelsea បានសម្រេចបញ្ចប់កុងត្រាអ្នកចាត់ការ Antonio Conte ដោយបង់លុយផ្តាច់កុងត្រាប្រមាណ ៩លានផោន

ក្លឹបតោខៀវ Chelsea បានសម្រេចបញ្ចប់កុងត្រាអ្នកចាត់ការ Antonio Conte ដោយបង់លុយផ្តាច់កុងត្រាប្រមាណ ៩លានផោន កាលពីយប់មិញ និងគ្រោងតែងតាំងលោក Maurizio Sarri អតីតអ្នកចាត់ការក្រុម Napoli ជាអ្នកចាត់ការថ្មី ជំនួសវិញ។

បុរសសញ្ជាតិអ៊ីតាលី Conte វ័យ៤៨ឆ្នាំ បានជួយឲ្យ Chelsea ឈ្នះពាន Premier League នៅរដូវកាលដំបូង និងឈ្នះពាន FA Cup នៅឆ្នាំទី២ ប៉ុន្តែទំនាក់ទំនងរបស់លោក ជាមួយថ្នាក់លើហាក់មានបញ្ហា កាលពីរដូវកាលមុន។ Conte ចាប់អារម្មណ៍ចង់ទៅដឹកនាំ Inter Milan, មានបញ្ហាទំនាក់ទំនងមិនល្អជាមួយខ្សែប្រយុទ្ធ Diego Costa និងពុំសូវទំនាក់ទំនងល្អជាមួយម្ចាស់ក្លឹប Chelsea បន្ទាប់ពីរិះគន់ក្លឹបថា ពុំសូវគាំទ្រលោកក្នុងការទិញដូរកីឡាករ ទើបធ្វើឲ្យក្រុមធ្លាក់ទម្រង់លេងរដូវកាលមុន។

កត្តាទាំងអស់នេះ ម្ចាស់ក្លឹប Chelsea លោក Roman Abramovich សម្រេចបញ្ចប់កុងត្រា Conte នៅត្រឹមខែកក្កដានេះ ដោយឲ្យលោក Sarri ឡើងដឹកនាំជំនួសវិញ។ បុរសសញ្ជាតិអ៊ីតាលី វ័យ៥៩ឆ្នាំ Sarri បានដឹកនាំ Napoli តាំងពីឆ្នាំ២០១៥ តែបានចុះចេញពីតំណែង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីជួយឲ្យ Napoli បញ្ចប់ចំណាត់ថ្នាក់លេខ២ នៅលីគកំពូលអ៊ីតាលី Serie A រដូវកាលមុន ខណៈដែល Napoli ជំនួសវិញដោយលោក Carlo Ancelotti៕

photo of Chelsea
Chelsea បានសម្រេចបញ្ចប់កុងត្រាអ្នកចាត់ការ Antonio Conte ដោយបង់លុយផ្តាច់កុងត្រាប្រមាណ ៩លានផោន

សូមបញ្ជាក់ផងដែរថា តម្លៃសំណងនឹងថយចុះ ប្រសិនបើលោក Antonio Conte រកការងារថ្មីបាន ប៉ុន្តែទំនងនឹងពិបាកបន្តិចហើយ ដោយក្លឹបដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងលោក សុទ្ធតែមានអ្នកដឹកនាំអស់ទៅហើយ៕