photo of Conor Nestor
លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង

ជំនួបដ៏កក្រើកនឹងកើតឡើងនៅកីឡដ្ឋានបឹងកេតថ្ងៃសៅរ៍ ទី២៤ សីហា ខាងមុខ។ នេះបើតាមការយល់ឃើញរបស់លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង ព្រោះមើលឃើញ បឹងកេត មិនទាន់ចាញ់នៅឡើយក្នុងទឹកដីខ្លួននៅ MCL ជុំទីពីរ ហើយក្រុមលោកផ្ទាល់ក៏មិនទាន់ស្គាល់បរាជ័យពីការប្រកួតគ្រប់កម្មវិធីនៅរដូវកាលនេះ។

photo of ព្រះខ័នរាជស្វាយរៀង
ក្រុម ព្រះខ័នរាជស្វាយរៀង

គ្រូបង្វឹកជនជាតិអៀរឡង់អះអាងត្រៀមខ្លួនរួចស្រេចសម្រាប់ជំនួបជាមួយក្រុមជើងឯកលីគកំពូល៣សម័យ។ លោក ថា វាជាការប្រកួតដ៏តានតឹង តែលោកក៏រីករាយចំពោះការប្រឈមនឹងរសជាតិបែបនេះ។

គ្រូបង្គោលព្រះខ័នរាជស្វាយរៀងរៀបរាប់ ៖”យើងសម្លឹងឆ្ពោះទៅកាន់ការប្រកួតដ៏តានតឹងជាមួយបឹងកេត ដែលជាក្រុមធ្លាប់ឈ្នះជើងឯក។ យើងពេញចិត្តការប្រកួតធំបែបនេះ។ មែនហើយ ពួកគេមិនទាន់ចាញ់ក្នុងដីខ្លួនឯង ហើយយើងក៏មិនទាន់ចាញ់ពីគ្រប់កម្មវិធី២៦ប្រកួតកន្លងមក ដូច្នេះយើងចាំមើលថាតើក្រុមណាមានសំណាងល្អជាងនៅថ្ងៃសៅរ៍នេះ”។

កាលជើងទីមួយនៅខេត្តស្វាយរៀង ក្រុមទាំងពីរស្មើគ្នា២ទល់នឹង២។ ដោយឡែក បឹងកេតបានផ្លាស់ទៅកីឡដ្ឋានថ្មីរបស់ខ្លួនកាលដើមខែកក្កដា កន្លងទៅ។

ចំពោះចំណាត់ថ្នាក់វិញ ព្រះខ័នរាជស្វាយរៀង មាន ៥២ពិន្ទុស្ថិតនៅកំពូលតារាង ពីលើបឹងកេត ដែលឈរលេខ៤ ចំនួន១១ពិន្ទុ៕