Conte បានដាស់តឿនទៅលោក Erik Ten Hag យ៉ាងម៉េចខ្លះទៅ…
លោក Antonio Conte បានដាស់តឿនទៅលោក Erik Ten Hag ថាលោកនឹងត្រូវទទួលរងសំពាធជាខ្លាំងក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Manchester United ។

Ten Hag ត្រូវបាន Man UTD ប្រកាសជាគ្រូបង្វឹកផ្លូវការជាមួយកុងត្រារយៈពេល៣ឆ្នាំ និងត្រៀមមកកាន់តំណែងនៅរដូវកាលក្រោយ ខណៈពេលនេះលោកនៅដឹកនាំ ក្លិប Ajax រហូតដល់ចប់រដូវកាល។
ដោយឡែក ពាក់ព័ន្ធនឹងការតែងតាំងលោក គឺលោក Antonio Conte បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ពិតណាស់ ពួកយើងកំពុងនិយាយពីក្លិបមួយដ៏ធំ គឺជាក្លិបដ៏សំខាន់មួយ។ កុំភ្លេចឲ្យសោះថាកាលពីរដូវកាលមុន Man United បានលេខ២ និងបានពង្រឹងក្រុមជាមួយ Varane, Sancho និង Ronaldo ។
វាចម្លែកណាស់ប៉ុន្តែពួកគេធ្វើមិនបានល្អទេបើធៀបនឹងរដូវកាលមុន វាបង្ហាញថានេះមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសគឺទីនេះគឺលីគអង់គ្លេស។ នៅអង់គ្លេស វាជាការងារដ៏ធំសម្រាប់អ្នកចាត់ការគ្រប់រូបព្រោះកម្រិតនៃការលេងគឺពិតជាខ្ពស់។ នៅពេលអ្នកស្នាក់នៅ Manchester United គឺសំពាធនឹងមានច្រើនខ្លាំងណាស់។ អ្នកត្រូវប្រយុទ្ធដើម្បីដណ្ដើមពានរង្វាន់។ វាមិនងាយស្រួលទេព្រោះក្រុមផ្សេងក៏គេមានគំនិតបែបហ្នឹងដែរ”៕