កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា គាត់បានស្នើសុំទៅកាន់អ្នកចាត់ការរបស់ក្រុម Manchester United លោក Ole Gunnar Solskjaer ដើម្បីឱ្យគាត់បានចាប់ផ្តើមជម្រើសដំបូងគ្រប់ការប្រកួតនៅក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាល ២០២១-២០២២ នេះ។

Cristiano Ronaldo
Cristiano Ronaldo

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ បានបង្ហាញនូវអារម្មណ៍មិនអស់ចិត្ត ក្រោយរូបគេមិនបានជាប់ជម្រើស ១១ នាក់ដំបូងនៅក្នុងជំនួបដែល Man UTD ជួបតទល់ជាមួយក្រុម Everton នៅក្នុងក្របខណ្ឌ Premier League ខណៈការប្រកួតនោះក្រុម បិសាចក្រហម ទទួលលទ្ធផលបានត្រឹម ១ ស្មើប៉ុណ្ណោះ។

យ៉ាងណាមិញ Ronaldo បានត្រឡប់លេងជាជម្រើសដំបូងវិញ នៅក្នុងជំនួបដែល Man UTD បានទៅសួរសុខទុក្ខក្រុម Leicester City ដល់ទឹកដី King Power ប៉ុន្តែអ្វីៗហាក់មិនគាប់ប្រសើរឡើយ ដោយនៅក្នុងការប្រកួតនោះពួកគេបានបរាជ័យក្នុងលទ្ធផល ៤ ទល់នឹង ២។

យោងតាមការចុះផ្សាយរបស់គេហទំព័រ The Sun បានឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំបានប្រាប់ទៅកាន់លោក Solskjer ថាគាត់ឥឡូវនេះគឺមានកម្លាំងពេញលេញ ដែលអាចលេងជាជម្រើសដំបូងនៅក្នុងក្របខណ្ឌ Premier League គ្រប់ប្រកួតបាន, ជាមួយគ្នានេះគាត់បានបន្ថែមថាប្រសិនបើគាត់មានបញ្ហាសុខភាពនោះគាត់នឹងជូនដំណឹងទៅកាន់គ្រូបង្វឹកភ្លាម៕