កាសែត Diario Sport រាយការណ៍ថាកីឡាករចាស់វស្សា Dani Alves នឹងក្លាយជាកីឡាករដែលមានប្រាក់ខែទាបបំផុតក្នុងក្រុមអ្នកមានបុណ្យ Barcelona ។

Dani Alves
Dani Alves

ប្រភពបានអះអាងថា ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះដែលបានចូលរួមជាមួយនឹងក្លឹប Barcelona ម្តងទៀតកាលពីសប្តាហ៍មុនក្នុងនាមជាកីឡាករឥតគិតថ្លៃនឹងបានយល់ព្រមលើប្រាក់ខែទាបបំផុតនៅក្នុងក្រុម។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យារបស់ Alves រួមមានទំហំប្រាក់រង្វាន់ អាស្រ័យលើពានរង្វាន់ និងសមិទ្ធផលផ្ទាល់ខ្លួននៅលើទីលាន។

គេរាយការណ៍ថា Dani Alves សង្ឃឹមលើកិច្ចសន្យាពេញមួយឆ្នាំនេះនឹងមានគោលបំណងចង់ជាប់ជម្រើសជាតិទៅលេង World Cup នៅប្រទេសកាតា ប៉ុន្តែទីបំផុតបានទទួលយកកិច្ចព្រមព្រៀងនេះរហូតដល់ខែមិថុនា ឆ្នាំ 2022 ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។

កីឡាករវ័យ 38ឆ្នាំរូបនេះបានបញ្ចប់ការពិនិត្យសុខភាពរបស់គេហើយ ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាផ្លូវការដល់អ្នកគាំទ្រក្នុងកីឡដ្ឋាន Camp Nou នៅចុងសប្តាហ៍នេះ៕