អ្នក​ចាត់​ការ David Moyes បាន​និយាយ​ថា លោក​មិន​ស្ដាយ​ក្រោយ​ឡើយ​ បន្ទាប់​ពី​សម្រេច​ចិត្ត​ប្ដូរ Mark Noble ចូល​ដើម្បី​ទាត់​ប៉េណាល់ទី​ទល់​នឹង United។

David Moyes
David Moyes

West Ham ទទួល​បាន​ប៉េណាល់ទី​មួយ​បាល់​​នៅ​ចុង​ម៉ោង ក្រោយ​ពេល​ Andrily Yarmolenko ទាត់​បាល់​ប៉ះ​ដៃ Luke Shaw ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ លោក Moyes បាន​ប្ដូរ​ Noble ចូល​​ដើម្បី​សម្រេច​លទ្ធផល ប៉ុន្តែ​សំណាង​អាក្រក់​ទាត់​​មិន​ផុត​ពី​ដៃ​របស់​អ្នក​ចាំ​ទី David de Gea។

មូលហេតុ​ដែល Moyes សម្រេច​ចិត្ត​ឲ្យ Noble ចូល​ទាត់ ដោយ​សារ​តែ​គេ​ជា​អ្នក​ទាត់​ប៉េណាល់​ទី​ច្បាស់​បំផុត​ប្រចាំ​ក្រុម។ កំណត់ត្រា​របស់ Noble ទាត់​ប៉េណាល់ទី​៤២​ដង ចូល​៣៨​ដង និង​មិន​ដែល​​ភ្លាត់​សោះ​ចាប់​តាំង​ពី​ខែ ធ្នូ​ ឆ្នាំ ២០១៦។ នេះ​ក៏​ជា​ការ​​សង្គ្រោះ​បាល់​ប៉េណាល់ទី​ជា​លើក​ដំបូង​សម្រាប់ De Gea ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ៕