Davies បាននិយាយថា Ronaldo សមនឹងពាក់ស្លាក់ប្រធានក្រុមជាង Maguire
ខ្សែការពារស្លាបឆ្វេងរបស់ក្លិប Bayern Munich កីឡាករ Alphonso Davies សឹងមិនគួរឲ្យជឿ ថាហេតុអ្វី ក្លិបបិសាចក្រហម Manchester United មើលរំលងខ្សែប្រយុទ្ធ Cristiano Ronaldo បែរទៅឲ្យស្លាកប្រធានក្រុមទៅកាន់ខ្សែការពារ Harry Maguire ទៅវិញ។

Maguire បានទទួលរងការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ នៅរដូវកាលនេះ ជុំវិញការបង្ហាញទម្រង់លេងមិនសូវល្អ អមជាមួយការបង្ហាញកំហុសជារឿយៗរបស់គេ ខណៈបច្ចុប្បន្ន Man United ក៏កំពុងយ៉ាប់យ៉ឺន ដោយកំពុងឈរលេខ៧ ក្នុងលីគ។
ជាមួយគ្នានេះ ដោយសារទម្រង់លេងមិនល្អរបស់ Maguire បានធ្វើឲ្យអ្នកគាំទ្រជាច្រើន តែងមិនពេញចិត្តនឹងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដែលដើរតួរជាប្រធានក្រុម។ យ៉ាងណាមិញ មិនត្រឹមតែអ្នកគាំទ្រទេ សូម្បីតែតារាឆ្នើមក្រុមយក្សអាល្លឺម៉ង់ Bayern Munich កីឡាករ Davies ក៏មិនយល់ថាហេតុអីក្លិបបិសាចក្រហម ផ្ដល់តំណែងប្រធានក្រុមទៅ Maguire ដែរ។
ដោយ Davies បាននិយាយកំឡុងពេលឡាយ ហ្គេម FIFA 22 ថា៖ “តើអ្នករាល់គ្នា សាកស្រមៃបានទេ។ Ronaldo ជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ ដល់ពេលសួរថាអ្នកណាជាប្រធានក្រុមរបស់គាត់? Harry Maguire មែនទេ? ខ្ញុំមិនបដិសេធ Harry Maguire ទេ ប៉ុន្តែ Ronaldo គាត់គួរតែជាអ្នកពាក់ស្លាកប្រធានក្រុម”៕