តារាឆ្នើមរបស់ Manchester City និងជម្រើសជាតិបែលហ្ស៊ិក Kevin De Bruyne និយាយថាគេបានសន្យាជាមួយអតីតមិត្តរួមក្រុម Vincent Kompany ថាគេនឹងទៅចូលរួមជាមួយគេនៅក្លិប Anderlecht នៅពេលគេចាកចេញពីក្លិបជើងឯក Premier League។

kevin de bruyne and vincent kompany
kevin de bruyne and vincent kompany

ប៉ុន្តែ De Bruyne បញ្ជាក់ថាការចាកចេញពី Man City អាចកើតឡើងក្នុងពេល១ឆ្នាំឬ៧ឆ្នាំខាងមុខ។

Kompany បានបញ្ចប់ចំណង១១ឆ្នាំជាមួយ Man City ក្នុងខែមិថុនាឆ្នាំ២០១៩ ហើយត្រលប់ទៅប្រទេសកំណើតដោយកាន់តួនាទីជាកីឡាករផង-គ្រូបង្វឹកផងនៅក្លិប Anderlecht។ តែថ្មីៗនេះគេបានលាលែងពីតួនាទីគ្រូបង្វឹកអំឡុងពេលប្រកួតដើម្បីផ្ដោតលើការលេងឱ្យបានពេញលេញ។

ខណៈ Man City កំពុងរៀបចំពិធីថ្លែងអំណរគុណជូន Kompany នៅរាត្រីថ្ងៃពុធ De Bruyne និយាយថា៖ “ខ្ញុំបានប្រាប់គាត់ឱ្យទុកកៅអីមួយឱ្យខ្ញុំក្នុងពេល១ឆ្នាំឬ៧ឆ្នាំទៀត នៅពេលខ្ញុំបញ្ចប់ការរួមរស់នៅទីនេះ(Man City)។ បើគាត់ធ្វើបែបនេះសម្រាប់ខ្ញុំមែន មានន័យថាខ្ញុំមានគោលដៅបន្ទាប់រួចជាស្រេចហើយ។ ខ្ញុំពិតជានឹកគាត់(Kompany)ដែលធ្លាប់តែនៅជាមួយគ្នានៅទីនេះ”

ទន្ទឹមនឹងនេះ អតីតសមាជិក Genk, Chelsea និង Werder Bremen វ័យ២៨ឆ្នាំខាងលើក៏បានលើកឡើងពីការរួមចំណែករបស់ Kompany ក្នុងការបញ្ចុះបញ្ចូលឱ្យគេផ្លាស់ពី Wolfsburg ដើម្បីមកលេងជាមួយគ្នានៅ Man City ក្នុងតម្លៃ៥៤លានផោនកាលពីឆ្នាំ២០១៥ផងដែរ៕