កាល​ពី​ពេល​ថ្មីៗ​នេះ​កីឡាករ​កំពូល​របស់​ក្លឹប Tottenham Hotspur កីឡាករ Dele Alli ​ បាន​ធ្វើ​​ឱ្យ​ខ្លួន​និង​ក្លឹប​ទាំង​មូល ​អាប់ឱន​កិត្តិយស បន្ទាប់​ពី​រូបគេ​ ថត​វីដេអូ​លេងសើច​​លើ​បណ្ដាញ​សង្គម អំពី​វីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ​ណូវែល ​​កូរ៉ូណា ដែល​​បាន​សម្លាប់​មនុស្ស​ជាង​ ៨០០​នាក់​ទូទាំង​ពិភពលោក។ ក្រោយ​វីដេអូ​នេះ​​ត្រូវ​បាន​ចែក​រំលែក​ដល់​បណ្ដាញ​សង្គម​ចិន Weibo ខ្សែ​បម្រើ​កណ្ដាល​​សញ្ជាតិ​អង់គ្លេស បាន​ធ្វើ​ការ​សុំទោស​នូវ​កំហុស​របស់​ខ្លួន។

photo of Dele Alli
Dele Alli

យ៉ាងណាមិញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ បុរស​វ័យ ២៣ ឆ្នាំ​បាន​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លេង​សើច​ជ្រុល ដោយ​បាន​បញ្ជាក់​ថា៖ “ខ្ញុំ​ពិត​ជា​ចង់​សុំទោស​សម្រាប់​វីដេអូ​ដែល​បង្ហោះ​លើ Snapchat [កាល​ពី​ថ្ងៃ​សោរ៍] ដោយ​វា​មិនមែន​ជា​រឿង​លេង​សើច​ទេ”

លោក​បន្ត​តាម​រយៈ​សារ​បង្ហោះ​លើ Weibo បណ្តាញ​សង្គម​ប្រទេស​ចិន៖ “ខ្ញុំ​បាន​ចាប់​អារម្មណ៍​ពី​វា​ហើយ​បាន​លុប​ចេញ​ភ្លាមៗ ដោយ​នេះ​ជា​ទង្វើ​មិន​គប្បី​ដែល​ធ្វើ​ឲ្យ​អាប់ឱន​ទាំង​ខ្ញុំ​និង​ក្លឹប​ផ្ទាល់ ​ជា​រួម​វា​មិនមែន​ជា​រឿង​ដែល​គួរ​យក​មក​លេង​សើច​ទេ សារ​នេះ​ដែរ​ខ្ញុំ​សុំ​ផ្ញើ​ដោយ​ក្តី​ស្រលាញ់​និង​ការ​ជូនពរ​ទៅ​កាន់​ប្រជាជន​ចិន​ទាំង​អស់”

យោង​តាម​ CNN មនុស្ស​ជាង​៨០០​នាក់​បាន​ស្លាប់ ​ជុំ​វិញ​ពិភពលោក​ដោយ​ជំងឺ​កូរ៉ូណា និង​ជាង​ ៣៧ ០០០​នាក់​ បាន​ឆ្លង​វីរុស​នេះ។ វា​បាន​កើត​ឡើង​ដំបូង​ក្នុង​ប្រទេស​ចិន និង​បាន​រីករាលដាល​ដល់​ប្រទេស​ ២៨​ផ្សេង​ទៀត ហើយ​វា​ក៏​បាន​ប៉ះពាល់​ដល់វិស័យ​​កីឡា​បាល់​ទាត់​ផង​ដែរ។

ជាក់​ស្ដែង Odion Ighalo ​កីឡាករ​ថ្មី​របស់ Manchester United ដែល​​ប្រកាស​ជា​ផ្លូវ​ការ​ចូលរួម​ជាមួយ Red Devils ពី​ក្លឹប Shanghai Shenhua ប្រទេស​ចិនកាលពីខែមករា ក៏​មិន​អាច​ធ្វើដំណើ​ទៅ​ជំរុំហ្វឹកហាត់​ជាមួយ​ក្រុម​បាន​ទេ ក្រោម​ហេតុផល​​ខ្លាច​រូបគេ​ប៉ះពាល់​ជាមួយ​​​​វីរុស​មួយ​នេះ៕