កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅ ត្រូវនឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២១ ក្រុម Barcelona បានធ្វើការប្រកួតជាលក្ខណៈមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាលទល់នឹងក្រុម Girona នៅកីឡដ្ឋាន Johan Cruyff។

Memphis Depay
Memphis Depay

ជាការពិតណាស់ ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុម Barcelona ទទួលជ័យជម្នះទៅលើក្រុម Girona ក្នុងលទ្ធផល ៣ ទល់នឹង ១។ យ៉ាងណាមិញ សម្រាប់ការប្រកួតមិត្តភាពនេះក្រុមអ្នកមានបុណ្យពិតជាធ្វើបានល្អមែនទែន តួយ៉ាងពួកគេបានទម្លុះសំណាញ់ទីក្រុម Girona រហូតដល់ទៅ ៣ គ្រាប់ឯណោះ។

គួរបញ្ជាក់ថា គ្រាប់ទី ១ របស់ Barca គឺរកបានដោយកីឡាករ Gerard Pique នៅនាទីទី ២១ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ, គ្រាប់ទី ២ រកបានដោយកីឡាករ Rey Manaj នៅនាទីទី ២៤ និង គ្រាប់ចុងក្រោយរកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Memphis Depay នៅនាទីទី ៨៥ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ។

ចំណែកឯខាងក្រុម Girona ក៏មានគ្រាប់បាល់វាយបកមកវិញបាន ១ គ្រាប់ផងដែរ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Samuel Saiz នៅនាទីទី ៤២ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ៕