Derby County បានបណ្តេញប្រធានក្រុម Richard Keogh ចេញពីក្រុម ដោយសារឥរិយាបថមិនសមរម្យ
01 Nov 2019 - 11:59:46 SHARE
Derby County នៅថ្ងៃទី៣០ ខែតុលា បានបណ្តេញប្រធានក្រុមកីឡាករ Richard Keogh ចេញពីក្រុម ដោយសាររូបគេប្រព្រឹត្តិឥរិយាបថមិនសមរម្យធ្ងន់ធ្ងរ។ ការបណ្តេញនេះ ធ្វើឡើងបន្ទាប់ពី Keogh បានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលនាំឲ្យមានការចាប់ខ្លួនមិត្តរួមក្រុមរបស់គេពីរនាក់ទៀតពីបទបើកបរពេលស្រវឹង។

ក្លិបក្នុងក្របខណ្ឌលីគទី២អង់គ្លេស Championship មួយនេះ បានបញ្ជាក់ថាកិច្ចសន្យារបស់ Keogh ត្រូវបញ្ចប់ភ្លាមៗតែម្តងចំពោះការប្រព្រឹត្តអំពើកោងកាចរបស់គេ។
«ដូចដែលយើងបាននិយាយពីដំបូង ក្លិបនឹងមិនអត់ឱនដល់កីឡាករ ឬបុគ្គលិករបស់ខ្លួនរូបពាដែលមានអាកប្បកិរិយាច្រឡើសបើសរហូតធ្វើឲ្យខ្លួនឯង និងមិត្តរួមការងារ សមាជិកទូទៅមានបញ្ហា និងនាំឲ្យខូចឈ្មោះក្លិបនោះឡើយ»។ នេះជាការរៀបរាប់ក្នុងសេចក្តីប្រកាសរបស់ក្លិប Derby County។


ខ្សែការពារសញ្ជាតិអៀរឡង់ វ័យ៣៣ឆ្នាំ ដែលមានរយៈពេល២សប្តាហ៍ដើម្បីប្តឹងឧទ្ធរណ៍ ត្រូវអវត្តមានពេញមួយរដូវកាលបន្ទាប់ពីរូបគេបានរងរបួសជង្គង់ធ្ងន់ធ្ងរនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៤ ខែកញ្ញា ហើយក៏បានធ្វើឲ្យមិត្តរួមក្រុម Derby ពីររូបទៀតរួមមានខ្សែបម្រើ Tom Lawrence និងខ្សែប្រយុទ្ធ Mason Bennett ត្រូវកាត់ទោសពីបទបើកបរស្រវឹង។
Derby County ដែលនឹងទទួលបានវីរបុរស Manchester United កីឡាករ Wayne Rooney ក្នុងនាមជាសមាជិកក្រុម និងគ្រូបង្វឹកនៅខែមករាខាងមុខ ឈរនៅលេខរៀងទី១៦ ក្នុងតារាងចំណាត់ថ្នាក់ Championship សព្វថ្ងៃ ដោយរកបាន៨ពិន្ទុ ពីការប្រកួត១៤លើក៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព