លោក Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង ​បាន​និយាយ​ថា​អ្នក​គាំទ្រ​បាន​គិត​ថា​ក្រុម​របស់​លោក​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់ Euro 2020 ​នេះ​ទៅ​ហើយ ​បើ​ទោះ​មិន​ទាន់​បាន​ប្រកួត​ក៏​ដោយ។

Didier Deschamps
Didier Deschamps

​ប្រាកដ​ណាស់​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ FIFA World Cup 2018 ​ខាង​លើ​នេះ ​ត្រូវ​បាន​មតិ​ជា​ទូទៅ​មើល​ឃើញ​ថា​មាន​សមត្ថភាព​លេច​ធ្លោ​ជាង​គេ​ក្នុង​ការ​យក​ពាន​រង្វាន់ Euro 2020 ​នេះ​។ ​បើ​ទោះ​ជា​ពួកគេ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា​អាល្លឺម៉ង់ ​និង​ព័រទុយហ្គាល់​ក៏​ដោយ ​ក៏​អ្នក​គាំទ្រ​នៅ​តែ​មើល​ឃើញ​ថា​បារាំង ​នឹង​ឡើង​ទៅ​វគ្គ​បន្ដ ​លើក​ពាន​រង្វាន់​នេះ​បាន​ដែរ។

ចំពោះ​មតិ​នេះ​លោក Deschamps ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “អ្នក​គាំទ្រ​របស់​យើង​បាន​គិត​ថា​យើង​ឈ្នះ​វា​បាត់​ទៅ​ហើយ។ ​យើង​មាន​កីឡាករ​មាន​គុណភាព ​ទេព​កោសល្យ ​និង​កម្រិត​លេង​ខ្ពស់ ប៉ុន្តែ​ក៏​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ផង​ដែរ”៕