photo of Angel Di Maria
កីឡាករខ្សែបម្រើប្រយុទ្ធ Angel Di Maria

កីឡាករខ្សែបម្រើប្រយុទ្ធ Angel Di Maria រកបាន ២គ្រាប់បើកឆាកក្នុងវគ្គទី១ ក្នុងជំនួបដែលក្រុម ការពារតំណែងជើងឯក Paris Saint-Germain បំបាក់ម្ចាស់ផ្ទះ Nice ៤-១ ដែលនៅសល់សមាជិកតែ ៩នាក់ក្នុង ព្រឹត្តិការណ៍ Ligue 1 របស់បារាំងនាយប់មិញនេះ។

២គ្រាប់របស់កីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនខាងលើនេះ គឺបានកើតឡើងនៅនាទីទី១៥ និងនាទី២១ ដែលធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតបាន ៧គ្រាប់ឲ្យ PSG ក្នុង Ligue 1 នារដូវកាលថ្មីឆ្នាំ២០១៩-២០២០ មុនពេលក្រុម Nice បានបាត់បង់សមាជិកដល់ទៅ ២រូបក្នុងវគ្គទី២ ទៅពោលគឺកីឡាករ Cyprien នៅនាទីទី៧៤ ពីការទទួលបាន កាតលឿង ២ដង និងមិត្តរួមក្រុម Herelle ទទួលកាតក្រហមតែម្តងនៅនាទី៧៧ ក្រោយពីមិត្តរួមក្រុម Ganago រកបានគ្រាប់វាយបកនៅនាទី៦៧ នោះ។

 

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យក្មេងដែលទើបជាពីរបួស Kylian Mabappe ក៏រកបានគ្រាប់ទី៣ នៅនាទី៨៨ និង Icardi រកបានគ្រាប់ទី៤ ចុងក្រោយនៅនាទី៩០+១ ដើម្បីជួយឲ្យ PSG បន្តរកបាន ៣ពិន្ទុក្រៅដីដោយស្រួលពីការ នាំមុខកំពូលតារាងដល់ទៅ ៥ពិន្ទុក្នុងចំណោមពិន្ទុសរុប ២៤ពិន្ទុ គ្រាដែលក្រុមលេខ២ Nantes មានតែ ១៩ពិន្ទុគិតត្រឹម ១០សប្តាហ៍មកនេះ៕