Diego Costa បានបង្ហាញជាថ្មីម្តងទៀតជាមួយក្លឹប Atletico Madrid ក្នុុងទីផ្សារដោះដូរ

Diego Costa បានផ្ទេរជាផ្លូវការទៅកាន់ទ្រនំចាស់ Atletico Madrid បន្ទាប់ពីទីផ្សារដោះដូរកីឡាករបើកនៅខែមករា។
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល សញ្ជាតិអេស្ប៉ាញមានបញ្ហាជាមួយគ្រូបង្វឹកនៅ Chelsea ហើយសម្រេចចិត្តចាកចេញតាំងពីដើមរដូវកាលតែដោយសារ Atletico ជាប់បម្រាមមិនឲ្យទិញកីឡាករទើបត្រូវចាំរហូតដល់ពេលនេះ។
Costa បានជាកីឡាករពេញសិទ្ធរបស់ក្រុមលោក Diego Simeone មានន័យថា រូបគេអាចលេងគ្រប់ការប្រកួតរបស់ Atletico ចាប់ពីថ្ងៃនេះតទៅ រាប់ទាំងប្រកួត King’s cup ទល់ Lleida Esportiu នៅថ្ងៃពុធផង តែយ៉ាងណាមិនទាន់ដឹងថា គ្រូបង្វឹកសម្រេចចិត្តដាក់រូបគេឲ្យលេងឬអត់ទេ។

នៅថ្ងៃបង្ហាញខ្លួន កីឡាករដែលលេងឲ្យ Atletico លើកទីមួយពីឆ្នាំ ២០១០ ដល់២០១៤ បានបង្វឹកជាមួយក្រុមលើកដំបូង ចំពោះមុខអ្នកគាំទ្រប្រមាណ ២ម៉ឺននាក់។
លោក Costa បានថ្លែងថា: «ខ្ញុំស្ថិតនៅក្នុងទម្រង់លេងល្អប្រសើរជាងពេលដែលខ្ញុំបានមកដល់ ហើយខ្ញុំបានត្រៀមលក្ខណៈរួចរាល់ហើយ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយក្រុមនិងរកគ្រាប់បាល់បញ្ចូលទី»។
ប្រភពពី៖ dailymail