កាល​ពី​សប្ដាហ៍​មុន​ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ខ្សែ​ប្រយុទ្ធ​ Erling Haaland និង​ លោក​ Xavi គ្រូបង្គោល​ក្លឹប​ Barcelona បាន​ទៅ​ទី​ក្រុង​ Munich ប្រទេស​អាល្លឺម៉ង់​ និង​បាន​ជួប​ពិភាក្សា​គ្នា​រឿង​ចែចូវ​យក​កីឡាករ​នេះ​មក​កាន់​ Barca ។

Xavi និង Erling Haaland
Xavi និង Erling Haaland

នៅ​ក្នុងថ្ងៃ​នេះ​ លោក​ Sebastian Kehl នាយក​កីឡា​របស់​ក្លឹប​ Dortmund បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Ruhr Nachrichten ដោយ​បកស្រាយ​ Haaland ទៅ​កាន់​ទី​ក្រុង​ Munich នេះ​គឺ​ដើម្បី​ទៅ​ព្យាបាល​របួស​ទៅ​តាម​វេជ្ជបញ្ជា​ និង​មិន​មាន​អ្វី​លើស​ពី​ហ្នឹង​ឡើយ​។

ចំពោះ​លោក​ Xavi ហាក់​បី​ដូច​ជា​មិន​ទាត់​ចោល​នឹង​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​សោះ​ ដោយ​សារ​លោក​បាន​និយាយ​ថា​ លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​រឿង​នេះ​បាន​លម្អិត​ទេ​ ដោយ​លោក​ធ្វើ​អ្វី​គ្រប់​យ៉ាង​គឺ​ដោយ​ក្លឹប​នៅ​ពេល​នេះ​ និង​អនាគត​។

ចំពោះ​លោក​ Laporta ប្រធាន​ក្លឹប​ Barcelona បាន​លើក​ឡើង​ថា​ នៅ​ខណៈ​នេះ​ Barca មិន​បាន​ទាក់ទង​នឹង​ Haaland ដោយ​ផ្ទាល់​ទេ​ បើ​មាន​រឿង​ចែចូវ​ចង់​បាន​អញ្ចឹង​មែន​ ខាង​ Barca គឺ​ទាក់ទង​ទៅ​ Dortmund ផ្ទាល់​។

Haaland នឹង​ចប់​កុងត្រា​ជា​មួយ​ Dortmund នៅ​ឆ្នាំ​២០២៤ ខណៈ​ពេល​នេះ​ សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​គេ​នឹង​ចាកចេញ​ពី​ក្លឹប​នេះ​ នៅ​រដូវកាល​ខាង​មុខ​នេះ​ហើយ​៕