ខ្សែ​ប្រយុទ្ធ Eden Hazard របស់​ក្លឹប Chelsea បាន​និយាយ​ថា គេ​មាន​មហិច្ឆតា​ចង់​ធ្វើ​ការ​ជាមួយ​លោក Jose Mourinho ម្ដង​ទៀតនៅ​ថ្ងៃ​ណាមួយ​ ថ្វី​បើទំនាក់ទំនង​របស់​ពួកគេ​ធ្លាប់​បាន​បញ្ចប់​យ៉ាង​ជូរ​ចត់​​នៅ​ Chelsea កាល​ពី​ឆ្នាំ២០១៥ ក៏ដោយ។

photo of Eden Hazard
Eden Hazard និយាយថារដូវកាលមុនរបស់លោកក្រោមការដឹកនាំរបស់លោក Jose Mourinho គឺមិនគួរឱ្យជឿ

Hazard និង​លោក Mourinho បាន​ចំណាយ​ពេល​ធ្វើ​ការ​ជាមួយ​គ្នា​អស់​រយៈ​ពេល ២ឆ្នាំ​នៅទឹកដី Stamford Bridge ដោយ​បាន​ឈ្នះ​ពាន League Cup និងពាន​ព្រីមៀរលីគ​​ជាមួយ​គ្នា​ក្នុង​រដូវ​កាល​ដំបូង​របស់​ពួក​គេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​រដូវ​កាល​ទី២ របស់​ពួក​គេ លទ្ធផល​របស់​ក្លឹប Chelsea ធ្លាក់​ចុះ ព្រោះ​សូម្បី​តែ​កីឡាករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៊ែល​ហ្ស៊ិក​រូប​នេះ​ក៏​ជួប​នឹង​ស្ថាន​ភាព​អាក្រក់​បំផុត​ក្នុង​ប្រវតិ្ត​សាស្ត្ររក​គ្រាប់​បាល់​របស់​ខ្លួន​នៅ​ព្រីមៀរលីគដែរ។ ចុង​ក្រោយ លោក​ Mourinho បាន​ចែក​ផ្លូវ​គ្នាជា​មួយ​ក្លឹប Chelsea ហើយ​ក្លឹប​មួយ​នេះ​បាន​ស្ថិត​ក្នុង​ភាព​​អាប់អួរ​មួយ​រយៈ។

photo of Eden Hazard
Eden Hazard: ខ្ញុំចង់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho ម្ដង​ទៀត

ផ្ទុយ​ទៅវិញ ទោះ​ជា​ធ្លាប់​បាន​បែក​បាក់​គ្នា​ពី​អតីតកាល​ក្ដី ក៏​កីឡាករ​ដែល​មាន​វ័យ ២៧ឆ្នាំ​រូប​នេះ​នៅ​តែ​សង្ឃឹម​ថា​អាច​មាន​ឱកាស​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho ម្ដង​ទៀតនៅ​ថ្ងៃ​ណាមួយ។​

ពេល​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន HLN របស់ប៊ែល​ហ្ស៊ិក Hazard បាន​និយាយ​ថា៖ “រដូវកាល​ចុង​ក្រោយ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho លែង​ជា​រដូវ​កាល​ដ៏​រីក​រាយ​តទៅ​ទៀត​ហើយ។ យើង​មិន​ទទួល​បាន​ជ័យ​ជម្នះ​ ហើយ​យើង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទម្លាប់​មួយ​ដែល​យើង​គិត​តែ​ពី​ហ្វឹកហាត់ ហ្វឹកហាត់​ដោយ​គ្មាន​ភាព​រីករាយទាល់​តែ​សោះ វាជា​រឿង​ល្អ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ដែល​យើង​បាន​បញ្ចប់​ទំនាក់ទំនង​មួយ​នោះ”។

“បើ​សួរខ្ញុំ​ថា តើ​គ្រូ​បង្វឹក​រូប​ណា​ដែល​ខ្ញុំ​ចង់​ធ្វើ​ការ​ជាមួយ​ម្តង​ទៀត ខ្ញុំ​ច្បាស់​ជា​ឆ្លើយ​ថាគឺ​លោក Mourinho។ បើ​ក្លឹប​ទទួល​បាន​លទ្ធផល​មិនល្អ គាត់​នឹង​ចាប់​ផ្ដើម​រិះ​គន់​កីឡាករ រឿង​នេះ​អ្នក​ណា​ក៏ដឹងដែរ ប៉ុន្តែ​ចំណុច​នេះ​ខ្ញុំ​អាច​ទទួល​យក​បាន ព្រោះ​​វាជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​គាត់​ទៅ​ហើយ”។

photo of Eden Hazard
Eden Hazard: ខ្ញុំចង់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho ម្ដង​ទៀត

“បើក្លឹបទទួល​បាន​ជ័យ​ជម្នះ លោក Mourinho គឺ​ជា​គ្រូ​បង្វឹក​ដែល​ល្អ​បំផុត។ ពេល​នោះ​គាត់​គឺ​ជាមិត្ត​របស់​អ្នក​ អ្នក​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ។ បើអ្នក​ចង់​សុំ​សម្រាក​មួយ​ថ្ងៃ គាត់​ឲ្យ​អ្នក​សម្រាក​ ២ថ្ងៃ។ បើអ្វីៗ​ប្រព្រឹត្ត​ទៅ​បាន​ល្អ លោក​ Mourinho រីករាយ​នឹង​កីឡាបាល់ទាត់​ដូច​ខ្ញុំ​អញ្ចឹង គឺ​គ្មាន​សម្ពាធ​អ្វី​ទាំង​អស់”។

“ទោះ​បី​ជា​របៀបលេង​បែប​ការពារ​ច្រើន​ជាង​ប្រយុទ្ធរបស់​គាត់​ក៏​មិន​អាក្រក់​ពេក​ដែរ។ គាត់​មិន​សូវ​ផ្សង​ព្រេង​ដូច​លោក Pep Guardiola នោះទេ ប៉ុន្តែ​នៅ​ឆ្នាំ​ដែល​យើង​ទទួល​បាន​តំណែង​ជើង​ឯក យើង​រក​បាន​គ្រាប់​បាល់​ច្រើន​ ហើយ​លេង​បាន​ល្អ​ទៀត​ផង”។

“នៅ​ក្នុង​អាជីព​បាល់​ទាត់​របស់​ខ្ញុំ​ ខ្ញុំ​មិន​សូវ​មាន​រឿង​ស្ដាយ​ក្រោយ​នោះ​ទេ ប៉ុន្តែ​មិន​អាច​លេង​នៅ​ Chelsea ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho បន្ត​ទៀត​ជារឿង​មួយ​ដែល​ខ្ញុំ​សោក​ស្តាយ។ ពួក​យើង​ជា​ក្រុម​មួយ​ដែល​អាច​ឈ្នះ​បាន​ពាន​ជា​ច្រើន ប៉ុន្តែ​យើង​បាន​បញ្ចប់​ទំនាក់​ទំនង​មួយ​នោះ​ក្នុង​ស្ថានភាព​មួយ​ដ៏​អវិជ្ជមាន”៕