ខ្សែ​បម្រើ​ដាណឺម៉ាក និង​ក្លឹប Inter Milan កីឡាករ Christian Eriksen ព្រម​ទាំង​ក្រុម​គ្រូពេទ្យ​ចំនួន ៦នាក់ ដែល​ជួយ​រូប​គេ​ពេល​ដួល​សន្លប់ ត្រូវ​បាន​អញ្ជើញ​មក​ទស្សនា​ប្រកួត​ព្រឹត្តិការណ៍ UEFA Euro ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា ខាង​មុខ​នេះ នា​ឯ​កីឡដ្ឋាន​ Wembly ប្រទេស​អង់គ្លេស។

Christian Eriksen
Christian Eriksen

សារព័ត៌មាន​ដាណឺម៉ាក​ Fagbladet បាន​ចុះ​ផ្សាយ​ថា ក្រុម​គ្រូ​ពេទ្យ​ដែល​ជួយ​ Eriksen បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ចូល​រួម​ប្រកួត​​វគ្គ Final នៃ​ Euro។ ខណៈ Eriksen និង​មិត្ត​ស្រី​របស់​គេ នៅ​មិន​ទាន់​ច្បាស់​ថា នឹង​ចូល​រួម​ ឬ យ៉ាង​ណា​នោះ​ទេ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ UEFA ប្រាប់​សារព័ត៌មាន​បារាំង AFP។

Eriksen បាន​ដួល​សន្លប់​ពេល​ប្រកួត​រវាង​ដាណឺម៉ាក​ និង​ហ្វាំងឡង់​ក្នុង​ប្រកួត​បើក​ឆាក​ Euro កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ ត្រូវ​បាន​សង្គ្រោះ​ភ្លាមៗ​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក។ កីឡាករ​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​បញ្ហា​បេះដូង។

សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ UEFA Euro 2020 វិញ នៅ​ពេល​នេះ​គេ​រក​ឃើញ​ថា អ៊ីតាលី​បាន​កក់​កៅអី​រួច​ស្រេច​ហើយ ក្រោយ​យក​ឈ្នះ​អេស្ប៉ាញ​ក្នុង​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី។ គេ​នៅ​រង់​ចាំ​មើល​នៅ​យប់​នេះ​ម៉ោង​ ២រំលង​អធ្រាត្រ​ថា អង់គ្លេស ឬ ដាណឺម៉ាក នឹង​ឡើង​ទៅ​ប៉ះ​អ៊ីតាលី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕