ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក​ Christian Eriksen បាន​ធ្វើ​ការ​ផ្លាស់​មក​កាន់​ក្លឹប​អ៊ីតាលី​ Inter Milan ហើយ​បន្ទាប់​ពី​លេង​ឲ្យ​ក្លឹប​អង់គ្លេស​ Tottenham Hotspur អស់​រយៈពេល​ជាង​ ៦ឆ្នាំ​កន្លះ​មក​។ ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក​នេះ​ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ Inter Milan ដោយ​ក្លឹប​នេះ​ត្រូវ​បង់​ប្រាក់​ឲ្យ​ Spurs ចំនួន​ជាង​ ២២លាន​ដុល្លារ​។

photo of Christian Eriksen
ខ្សែ​បម្រើ​​ Christian Eriksen

ខ្សែបម្រើវ័យ ២៧ឆ្នាំសញ្ជាតិដាណឺម៉ាក Eriksen បានព្រមព្រៀងផ្ទេទៅកាន់លីគកំពូលអ៊ីតាលី Serie A ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ ក្រោយបង្ហាញខ្លួនជាមួយក្លឹប Tottenham Hotspur បានចំនួន ២២៦ប្រកួត និងស៊ុតបាន ៥១គ្រាប់ក្នុងលីគកំពូល Premier League ចាប់តាំងពីឆ្នាំ២០១៣ មក ក្រោយផ្ទេរចេញពីក្លឹប Ajax របស់ហូឡង់ និង ៣០៩ប្រកួត ហើយរកបាន ៦៩គ្រាប់នៃគ្រប់ការប្រកួតទាំងអស់ជាមួយក្លឹប Spurs។

ក្នុងរយៈពេល ៧ជាមួយក្លឹប Spurs ខ្សែបម្រើ Eriksen ធ្លាប់ឈ្នះពានតែ ២ប៉ុណ្ណោះ រួមមានពានរង្វាន់ International Champions Cup ក្នុងឆ្នាំ២០១៨ និងពាន Audi Cup ក្នុងឆ្នាំ២០១៩ ក្រោយធ្លាប់លើកពាន Eredivisie បាន៣លើកជាមួយ Ajax នៃលីគហូឡង់ ហើយរូបគេនឹងផុតកិច្ចសន្យាជាមួយក្លឹប Inter Milan នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ៕