Eriksen ថាមិនបោះបង់អាជីពបាល់ទាត់ទេ ទោះមានបញ្ហាគាំងបេះដូង
Christian Eriksen បាននិយាយជាសាធារណៈជាលើកដំបូង បន្ទាប់ពីមានបញ្ហាគាំងបេះដូង រហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះក្នុងការប្រកួតបើកឆាកឱ្យដាណឺម៉ាកកន្លងទៅ។

អតីតកីឡាកររបស់ក្រុម Spurs ខាងលើត្រូវជួយសង្គ្រោះ CPR រយៈពេល១៣នាទីមុនពេលត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ដទៀត ដើម្បីតាមដានសុខភាព។ ក្រោយពីរកឃើញថារូបគេមានបញ្ហាបេះដូងហើយ ពេលនេះ Eriksen បានដឹងខ្លួន និងអាចនិយាយប្រាប់ទៅអ្នកគាំទ្រជាលើកដំបូងហើយ។

កីឡាករជួយឱ្យក្រុម Inter Milan លើកពាន Serie A កាលពីរដូវកាលកន្លងទៅនេះ បាននិយាយថា៖ “អរគុណគ្រប់គ្នា ខ្ញុំនឹងមិនបោះបង់ចោលទេ ខ្ញុំមានអារម្មណ៍ល្អឡើងវិញហើយ ប៉ុន្តែខ្ញុំចង់ដឹងថាមានរឿងអ្វីកើតឡើងលើខ្ញុំ”។
Eriksen បានធូរស្បើយច្រើនហើយ ប៉ុន្តែស្ថិតក្រោមការសង្កេតបន្ដទៀត។ យ៉ាងណាមិញ ប្រសិនបើសុខភាពបន្ដល្អប្រសើរបែបនេះទៀត រូបគេអាចនឹងទៅចូលរួមលើកទឹកចិត្តមិត្តរួមក្រុមលេងទល់ក្រុមបែលហ្សិកបានផងដែរ ។