កីឡាករ Andre Gomes ទទួលបានការវះកាត់ដើម្បីតភ្ជាប់ឆ្អឹងកជើងដែលបានបាក់ កំឡុងការប្រកួតកាលពីយប់ថ្ងៃអាទិត្យទល់នឹងក្រុម Tottenham។ Everton បានជូនដំណឹងមកថា ដំណើរការវះកាត់ខ្សែបម្រើព័រទុយហ្គាល់រូបនេះ បានប្រព្រឹត្តទៅដោយរលូន ហើយរំពឹងថា រូបគេអាចនឹងជាសះស្បើយកាន់តែឆាប់។

Andre Gomes

ទោះយ៉ាងណាក្ដី Gomes នឹងបន្ដការព្យាបាលនៅមន្ទីរពេទ្យជាមុនសិន មុននឹងអាចធ្វើឲ្យកាយសម្បទារឹងមាំឡើងវិញនៅជំរុំហ្វឹកហាត់ Finch Farm របស់ក្លឹប Everton។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុម Merseyside ក៏បានចេញសេចក្ដីថ្លែងការណ៍ដែលមានសេចក្ដីថា៖ “ជំនួសមុខឲ្យ Andre, ក្លឹបសូមថ្លែងអំណរគុណដល់ អ្នកគាំទ្រ Everton ទាំងអស់ ហើយនឹងសមាជិកគ្រួសារបាល់ទាត់ពិភពលោក សំរាប់សារគាំទ្រ ដែលទទួលបានក្រោយពីការប្រកួតកាលពីម្សិលម៉ិញ។”

គួររំឮកថា Son Heung-min បានចាកចេញពីទីលានប្រកួតទាំងទឹកភ្នែក បន្ទាប់ពីទទួលបានកាតក្រហម ដោយសារតែរូបគេបានស្លាយទៅលើ Gomes ក្នុងការប្រកួតនៅទឹកដី Goodinson Park កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។ ខ្សែប្រយុទ្ធរបស់ក្រុម Tottenham រូបនេះ បានព្យាយាមប្រជែងបាល់ពី ខ្សែបម្រើរបស់ក្រុម Everton ដែលមានការប៉ះទង្គិចខ្លាំង ហើយឈានដល់ការរងរបួសធ្ងន់ធ្ងរ នៅនាទីទី៧៨ នៃការប្រកួត។

Son Heung-min

Gomes ក៏ត្រូវបានក្រុមគ្រូពេទ្យមកជួយសង្គ្រោះភ្លាមៗផងដែរ មុនពេលដែលត្រូវបានសែងចេញពីទីលាន ហើយអតីតខ្សែបម្រើក្រុម Barcelona រូបនេះ ត្រូវបានប្ដូរចូលជំនួសដោយ Gylfi Sigurdsson។

ទោះយ៉ាងណាក្ដី Son Heung-min បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Dele Alli រកគ្រាប់បាល់បើកឆាកសំរាប់ Tottenham នៅនាទីទី៦៣ មុនពេលដែលក្រុមម្ចាស់ផ្ទះ Everton បានវាយបកតាមស្មើនៅម៉ោងបន្ថែមដោយខ្សែប្រយុទ្ធ Cenk Tosun។