Everton ឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរខ្សែការពារ Djibril Sidibe ពី Monaco
Everton បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរខ្សែការពារស្លាបស្តាំ Djibril Sidibe ក្នុងរយៈពេលវែង ជាមួយលក្ខខណ្ឌទិញផ្តាច់ពី Monaco។ កីឡាករវ័យ២៧ឆ្នាំរូបនេះ បានធ្វើតេស្តសុខភាពនាថ្ងៃពុធនេះ ខណៈទំនងអាចនឹងមកជំនួស Seamus Coleman។

Everton មានចំណាប់អារម្មណ៍ក្នុងការចុះកិច្ចសន្យាជាមួយ Sidibe កាលពីថ្ងៃព្រហស្បត្តិ៍ មុនពេលទីផ្សារដោះដូរបិទ បន្ទាប់ពីក្លិបបានសម្រេចអោយ Jonjoe Kenny ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទៅ Schalke នារដូវកាលក្តៅនេះ។
កីឡាករអន្តរជាតិបារាំងដែលអាចធ្វើប្រតិបត្តិការការពារបានត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមនៃក្របខ័ណ្ឌ Premier League ដូចជា West Ham, Crystal Palace និង Newcastle ។ រូបគេបង្ហាញខ្លួនចំនួន ១១៤ ដង នៅក្នុងការប្រកួតទាំងអស់សម្រាប់ Monaco ចាប់តាំងពីចូលរួមពី Lille ក្នុងឆ្នាំ ២០១៦។

ទន្ទឹមនឹងនេះ Monaco មានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើកីឡាករ Henry Onyekuru របស់ក្លិប Everton ទោះបីជាការផ្លាស់ប្តូរខ្សែប្រយុទ្ធរូបនេះមិនចាំបាច់ជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការយក Sidibe ទៅ Merseyside ក៏ដោយ។

Everton បានចុះកុងត្រាលើ Onyekuru ក្នុងតម្លៃ ៧ លានផោនពីក្រុមបែលហ្ស៊ិក FC Eupen ក្នុងឆ្នាំ ២០១៧។ កីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះមិនទាន់លេងជាកីឡាករជាន់ខ្ពស់សម្រាប់ក្រុម Everton និងបានចំណាយពេលមួយរដូវក្នុងការខ្ចីជើងនៅ Anderlecht មុនពេលផ្លាស់ទៅលេងនៅ Galatasaray ។