photo of Moise Kean
Everton ត្រៀម​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង Moise Kean ពីក្លឹប Juventus ក្នុង​តម្លៃ ៤៥លាន​ដុល្លារ

នាពេលថ្មីៗនេះក្លឹបបាល់ទាត់ Everton បានព្រមព្រៀងទិញយកកីឡាករខ្សែប្រយុទ្ធ Moise Kean ចេញពីក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃប្រមាណ ៣៦លានផោន ដែលស្មើនឹង ៤៥លានដុល្លារ សម្រាប់ត្រៀមការប្រជែងពាន Premier League រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខ។ នេះបើតាមការចេញ ផ្សាយដោយ BBC នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Moise Kean ត្រូវបានក្លឹបស្ករគ្រាប់ Everton មានបំណងក្នុងការនាំមកកាន់កីឡដ្ឋាន Goodison Park ក្នុងតម្លៃ ៤៥លានដុល្លារជាយូរមកហើយ ក្រោយពេលរូបគេបានបង្ហាញខ្លួនយ៉ាងល្អនៅប្រទេស អ៊ីតាលីពីការរកបាន ៨គ្រាប់ពីការចូលលេងបាន ២១ប្រកួត គ្រាដែលគ្រូបង្វឹក Marco Silva ក៏បានលើកឡើង ដែរថា «លោកចង់ទិញខ្សែប្រយុទ្ធឲ្យបាន ៥រូប មុនពេលទីផ្សារដោះដូរត្រូវបានបិទនាខែសីហាខាងមុខនេះ»

photo of Moise Kean
Moise Kean

គួរបញ្ជាក់ផងថា កីឡាករខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអ៊ីតាលី Moise Kean ធ្លាប់ឈ្នះពានរង្វាន់ Serie A ២ដងជាមួយក្រុមសេះបង្កង់ Juventus និងពាន Coppa Italia, Supercoppa Italiana, និងពានរង្វាន់យុវជន Youth Viareggio Cup កាលឆ្នាំ២០១៦ និងពេលបច្ចុប្បន្នក៏រកបាន ២គ្រាប់ ក្នុងចំណោម ៣ប្រកួតឲ្យក្រុមជម្រើសជាតិអ៊ីតាលីទៀតផង៕