Everton បដិសេធសំណើ ៨៥លានផោនរបស់ Barcelona ដែលចង់បាន Richarlison
Everton ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើ ៨៥លានផោន (ឬប្រមាណ១១០លានដុល្លារ) របស់ក្រុម Barcelona ដែលដាក់ដេញថ្លៃយកខ្សែប្រយុទ្ធ Richarlison។

ក្រុម Barcelona បានមើលឃើញសមត្ថភាពរបស់កីឡាករ Richarlison អាចយកទៅជំនួសតំណែងរបស់ Saurez ដែលរងរបួសបាន។ ពួកគេបានដាក់សំណើដើម្បីទិញកីឡាករប្រេស៊ីលរូបនេះដល់៨៥លានផោន យកឱ្យបាននៅខែមករា ប៉ុន្តែប្រាក់ដ៏ច្រើននេះ ត្រូវបានក្លឹប Everton ច្រានចោលទៅហើយ។
Barcelona មានចំណាប់អារម្មណ៍ទៅលើ Richarlison ជាយូរណាស់មកហើយ ជាក់ស្ដែងកាលពីទីផ្សារដោះដូររដូវក្ដៅកន្លងទៅ ពួកគេក៏បានចូលចែចូវទៅលើកីឡាករវ័យ២២ឆ្នាំផងដែរ។
លើសពីនេះទៅទៀត នាយកផ្នែកកីឡាកររបស់ក្លិប Barcelona ត្រូវបានគេរាយការណ៍ថា បានចាត់ទុករូបគេ ជាបេក្ខភាពដ៏ស័ក្ដិសម ក្នុងការជំនួសកន្លែងម្ចាស់អាវលេខ៩ Suarez ដែលទំនងជាត្រូវសម្រាកក្រៅទីលានរយៈពេល៤ខែ បន្ទាប់ពីវះកាត់របួសជង្គង់។

លោក Carlo Ancelotti ចង់ទុកខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួននេះ ដើម្បីជួយស្រោចស្រង់ក្លឹបបន្ដទៀត។ ដោយពួកគេបច្ចុប្បន្នស្ថិតនៅលេខ១២ក្នុងតារាង ដោយមាន៣០ពិន្ទុ ពីការប្រកួត២៤ប្រកួត៕