អ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Arsenal ទទួលបានជោគជ័យក្នុងការទិញយកខ្សែប្រយុទ្ Gabriel Jesus ពី Manchester City ហើយ ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

Gabriel Jesus
Gabriel Jesus

ជាការពិតណាស់ Jesus បានចូលរួមជាមួយ Man City នៅក្នុងឆ្នាំ២០១៧ ដោយ រូបគេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា Premier League ៤ដង, EFL Cup ៣ដង, FA Community Shield ២ដង និង FA Cup។ យ៉ាងណាក្តី ដោយសាររូបគេទទួលបានឪកាសបង្ហាញខ្លួននៅលើទីលានពុំបានជាប់លាប់ ស្របពេលដែលរដូវកាលថ្មីនេះ វត្តមានរបស់ Erling Haaland បានមកដល់ទៀត រូបគេក៏បានសម្រេចចិត្តចង់ចាកចេញពីកីឡដ្ឋាន Etihad Stadium តែម្តង។

បើយោងតាមការចុះផ្សាយរបស់លោក Fabrizio បានទម្លាយឲ្យដឹងថា Arsenal និង Man City បានយល់ព្រមចំពោះតម្លៃផ្ទេរ ៤៥លានផោន (ឬប្រមាណ ៥៥លានដុល្លារ) សម្រាប់ Jesus ខណៈ មាន៥ក្លិបដែលចង់បានរូបគេ ប៉ុន្តែ គេចង់ផ្លាស់ទៅ Arsenal តែមួយគត់។

ដូច្នេះ មានន័យថា Jesus នឹងក្លាយជាកីឡាករចំណូលថ្មីទី៣របស់ Arsenal បន្ទាប់ពីការមកដល់របស់កីឡាករ Fabio Vieira និង Marquinhos ៕