អតីត​ប្រធាន​​ក្រុម​របស់ Manchester City កីឡាករ Fernandinho បាន​ត្រលប់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​​នៅ​ប្រេស៊ីល Athletico Paranaense ដែល​ជា​ក្លឹប​គេ​ចាប់​ផ្ដើម​អាជីព​ដំបូង។

Fernandinho
Fernandinho

កីឡាករ​វ័យ​៣៧​ឆ្នាំ​​សញ្ជាតិ​ប្រេស៊ីល​បាន​និយាយ​ថា គេ​ទទួល​បាន​សំណើ​​ពី​ក្លឹប​ជា​ច្រើន ប៉ុន្តែ​​សុខ​ចិត្ត​បំពេញ​​បំណង​ខ្លួន​ឯង​​ដើម្បី​ពាក់​អាវ​របស់ Athletico ម្ដង​ទៀត។ Fernandinho បាន​ចាកចេញ​ពី City កាល​ពី​បញ្ចប់​រដូវ​កាល​២០២១-២២ បន្ទាប់​ពី​ចំណាយ​ពេល​៩​ឆ្នាំ​ជាមួយ​ក្លឹប។

កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន Premier League ៥​សម័យ​​ត្រលប់​ទៅ​ចូលរួម​ជាមួយ Athletico ១៧​ឆ្នាំ​បន្ទាប់​​ពី​ចាកចេញ​ពី​ក្លឹប​ទៅ​លេង​នៅ Shakhtar Donetsk។ Athletico បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​​របស់​អតីត​អ្នកចាត់​ការ​របស់ Chelsea លោក Felipe Scolari៕