សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) បានធ្វើការប្រកាសចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញរឿងរ៉ាដ៏ចម្រូងចម្រាសអំពីការផ្ទេរកីឡាករ៥នាក់ រវាងក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយ ក្លឹបបាល់ទាត់វិសាខា ដោយបានដាក់ចេញនូវ៤ចំណុចសំខាន់ៗ។

FFC បានប្រកាសពីភាពជោគជ័យ ក្នុងការដោះស្រាយលើបញ្ហានេះ ដោយបានបញ្ជាក់ថា ក្លិបវិសាខា ដែលបាននាំយកកីឡាករពីភ្នំពេញក្រោនចំនួន៥នាក់ ទៅរួមរស់ជាមួយខ្លួននោះ យល់ព្រមផ្តល់ប្រាក់ឧបត្ថម្ភថ្លៃហូបចុក ស្នាក់នៅ និងបណ្តុះបណ្តាលរបស់កីឡាករទាំង៥នាក់ ទៅឲ្យក្លិបភ្នំពេញក្រោន ប៉ុន្តែនៅក្នុងសេចក្តីប្រកាសនេះ មិនបានបង្ហាញពីចំនួនទឹកប្រាក់ ដែលវិសាខា ត្រូវបង់ទៅឲ្យក្លិបភ្នំពេញក្រោន នោះទេ។

ចំណុចសំខាន់ទាំង៤នោះរួមមាន៖

១. ក្រោយពីមានការពិភាក្សារវាងក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយក្លឹបវិសាខា ក្លឹបទាំង២បានយោគយល់ និងឯកភាពគ្នា ដោះស្រាយវិវាទផ្ទេរកីឡាករ ក្លឹបវិសាខា ព្រមផ្ដល់ប្រាក់ឧបត្ថម្ភជាថ្លៃហូបចុក ស្នាក់នៅ បណ្ដុះបណ្ដាល ជូនដល់ក្លិបភ្នំពេញក្រោន ដែលបានបណ្ដុះបណ្ដាលកីឡាករទាំង៥រូប

២. ស.ប.ក សោកស្ដាយចំពោះចន្លោះប្រហោងក្នុងការសិក្សាអំពីច្បាប់នៃការគ្រប់គ្រង ការផ្ទេរកីឡាករក្នុងស្រុក ស.ប.ក នឹងដាក់ពង្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការផ្ទេរកីឡាករក្នុងស្រុក នៅក្នុងមហាសន្និបាតនៅក្នុងឆ្នាំ២០១៩

៣. ស.ប.ក អំពាវសារពត៌មានអំពីផ្លូវច្បាប់ជាមុន មុននឹងចុះផ្សាយដែលនាំឲ្យមានការប៉ះពាល់ដល់ក្លឹប

៤. ស.ប.ក អបអរសាទរ និងថ្លែងអំណរគុណចំពោះក្លឹបទាំងអស់ដែលជាសមាជិករបស់សហព័ន្ធ ដែលបាន និងកំពុងបណ្ដុះបណ្ដាលយុវជនគ្រប់កម្រិត

ជាមួយគ្នានោះ FFC បានប្រកាសពីចំណុចខ្វះខាតរបស់ខ្លួន ជុំវិញភាពចន្លោះប្រហោងក្នុងការសិក្សាអំពីច្បាប់នៃការគ្រប់គ្រងការផ្ទេរកីឡាករក្នុងស្រុកនេះ ប៉ុន្តែស្ថាប័នមួយនេះ បែរជាសុំឲ្យបណ្តាសារព័ត៌មាន ត្រូវសិក្សាផ្លូវច្បាប់ឲ្យបានច្បាស់លាស មុននឹងចុះផ្សាយលើរឿងនេះទៅវិញ។

សំណើរបស់ FFC ទៅកាន់បណ្តាសារព័ត៌មាននេះ បានធ្វើឲ្យក្រុមអ្នកយកព័ត៌មានកីឡា ដែលតែងតែចំណាយពេលយ៉ាងច្រើន ក្នុងការចុះទៅយកព័ត៌មានការប្រកួតបាល់ទាត់ ដោយមិនគិតថា យប់ ឬថ្ងៃនោះ មានប្រតិកម្មខ្លាំង និងសម្តែងការខកចិត្តទៅលើ FFC ដែលបានចោទប្រកាន់មកលើប្រព័ន្ធផ្សព្វផ្សាយ ទាំងខ្លួនឯងជាស្ថាប័នដឹកនាំបាល់ទាត់ប្រចាំកម្ពុជា មិនទាន់មានច្បាប់ការផ្ទេរកីឡាករក្នុងស្រុក ច្បាស់លាស់ បែបនេះ។

គួររំឭកថា កាលពីពេលថ្មីនេះ ក្លិបភ្នំពេញក្រោន បានចេញសេចក្តីថ្លែងការណ៍មួយ ជំទាស់ទៅនឹងក្លិបវិសាខា ដែលបាននាំយកកីឡាកររបស់ខ្លួនចំនួន៥នាក់មាន កីឡាករ ស៊ិន កក្កដា, អ៊ិន សុដាវីត, អ៊ុក សុវណ្ណ, គឹម ឆៃយ៉ា និង កែន ចាន់សុភ័ក្ដ ដោយគ្មានការអនុញ្ញាត។