លោក Arsene Wenger អតីត​អ្នកចាត់ការ​ទូទៅ Arsenal បាន​វិលត្រឡប់​ចូល​វិស័យ​កីឡាបាល់ទាត់​វិញ​ហើយ ដោយ​លោក​យល់ព្រម​ធ្វើជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​ពិភពលោក​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។​

photo of Arsene Wenger
លោក Arsene Wenger
លោក Wenger បាន​ចាក​ចេញពី​ក្រុម​រហស្សនាម​កាំភ្លើង​ធំ កាលពី​ខែឧសភា ឆ្នាំ​២០១៨ ក្រោយ​ទទួលបន្ទុក​ដឹកនាំ​ក្រុម​នៅ​អង់គ្លេស​មួយ​នេះ​អស់​រយៈពេល ២២​ឆ្នាំ ជាមួយនឹង​សមិទ្ធផល​ឈ្នះ​ជើងឯក Premier League ៣​ដង និង FA Cup ចំនួន​៧​លើក​។​
photo of Arsene Wenger
Arsene Wenger
ក្រោយ​តែងតាំង​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​ពិភពលោក​ថ្មី​របស់ FIFA លោក Wenger លើកឡើងថា​៖«​ខ្ញុំ​ទន្ទឹងរង់ចាំ និង​រីករាយ​ក្នុងការ​ទទួលយក​តំណែង​ដ៏​សំខាន់​នេះ​។ នេះ​មិន​ត្រឹមតែ​ដោយសារ​ខ្ញុំ​ចាប់អារម្មណ៍​ក្នុងការ​វិភាគ​កីឡាបាល់ទាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយសារ​បេសកកម្ម​រប​ស់ FIFA ដែល​ប្រកបដោយ​ភាពស្មោះត្រង់ និង​ប្រាកដប្រជា​។ ខ្ញុំ​ដឹងថា ខ្ញុំ​អាច​ចូលរួមចំណែក​ក្នុង​គោលបំណង​នេះ ដោយ​ដាក់​ថាមពល​ទាំងអស់​របស់ខ្ញុំ​ទៅក្នុង​វិស័យ​កីឡាបាល់ទាត់​»​។​
​តួនាទី​ថ្មី​របស់លោក Wenger នៅក្នុង​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក គឺ​ជួយ​អភិវឌ្ឍ​បាល់ទាត់​ផ្នែក​បុរស​និង​ស្ត្រី ក៏ដូចជា​ផ្នែក​បច្ចេកទេស​នៃ​កីឡាបាល់ទាត់​ផង​។ ហើយ​បច្ចុប្បន្ន Wenger ក៏​នឹង​ក្លាយជា​សមាជិក​ក្រុមបច្ចេកទេស​នៃ​ក្រុមប្រឹក្សាភិបាល​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​និង​ជា​ប្រធាន​ក្រុម​សិក្សា​បច្ចេកទេស​របស់ FIFA ផងដែរ​៕