photo of Gianni Infantino
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino

កាលពីថ្ងៃសុក្រ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានពន្យារពេលការសម្រេចចិត្តណាមួយលើផែនការរបស់លោក សម្រាប់ការប្រកួតថ្មី Club World Cup និង Nations League ស្របពេលមានការជំទាស់ ហើយផ្ទុយទៅវិញ លោកនឹងបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលសំណើមួយនេះបន្ថែមទៀត។

អំឡុងសន្និសីទកាសែតនៅរដ្ឋធានី Kigali ប្រទេសរ៉្វាន់ដា ជាកន្លែងដែលក្រុមប្រឹក្សា FIFA ចូលរួមកិច្ចប្រជុំនោះ លោក Infantinoបាននិយាយថា ក្រុមការងារនឹងបង្ហាញសំណើរដ៏ច្បាស់លាស់មួយនៅកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុង Miami សហរដ្ឋអាមេរិក នាខែមិនា ឆ្នាំ២០១៩។

គួរឲ្យដឹងថា សំណើរមួយនេះ រងការរិះគន់យ៉ាងខ្លាំងដោយក្រុមជំទាស់ ដែលអះអាងថា កាលបរិច្ឆេតការប្រកួតជម្រើសជាតិ មានភាពមមាញឹកណាស់រួចទៅហើយ ហើយថែមទាំងបានចោទប្រកាន់ប្រធាន FIFAរូបនេះ ពីការប្រើប្រាស់គម្រោងខាងលើ ដើម្បីជួយឈ្នះឆ្នោតនៅការបោះឆ្នោតឡើងវិញនាខែមិថុនា ឆ្នាំក្រោយ។

ប្រភពព័ត៌មានមួយ បាននិយាយប្រាប់ AFPថា លោកបានដកថយពីការអនុម័តនូវការប្រកួតមួយនេះ កាលពីថ្ងៃសុក្រ ពេលដែលប្រតិភូរបស់ UEFAបានគំរាមកំហែងដើរចេញពីកិច្ចប្រជុំនោះ៕