photo of Gianni Infantino
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) លោក Gianni Infantino

 

ប្រធាន​សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសអញ្ជើញក្មេងៗទាំង១២នាក់ និងគ្រូបង្វឹក ដែលជាប់នៅក្នុងរូងភ្នំ ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោក World Cup វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Moscow ប្រទេសរុស្ស៊ី ប្រសិនបើពួកគេត្រូវបានជួយសង្គ្រោះចេញមកក្រៅ​ទាន់ពេលប្រកួតផ្តាច់ព្រ័ត្ត World Cup។

ខណៈពេលនេះដែរ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏បានផ្តល់ជាកម្លាំងចិត្តដល់ក្រុមបាល់ទាត់ដែលជាប់ក្នុងរូងភ្នំនោះផងដែរ ដោយខាងសហព័ន្ធបានបញ្ជូនសំបុត្រដោយពោរពេញទៅដោយការលើកទឹកចិត្តទៅកាន់សហព័ន្ធបាល់ទាត់ប្រទេសថៃដោយផ្ទាល់។

ក្នុងសំបុត្រនោះបានសរសេរថា ៖

«​ ពួកយើងបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ក្នុងការវិវត្តនូវសកម្មភាពស្វែងរកនិងជួយសង្គ្រោះកីឡាករបាល់ទាត់ក្មេងៗទាំង១២រូបរួមទាំងគ្រូបង្វឹករបស់គេដែលជាប់គាំងនៅក្នុងរូងភ្នំថាំហ្លួងតាំងពីថ្ងៃទី២៣ ខែមិថុនាមក ហើយពួកយើងមានអារម្មណ៍សប្បាយរីករាយឥតឧបមា ក្រោយពីឮដំណឹងថាពួកគេត្រូវបានអ្នកជួយសង្គ្រោះរកឃើញនិងនៅមានសុខភាពល្អ។

[..] តំណាងឲ្យសហគមន៍បាល់ទាត់អន្តរជាតិទាំងមូល ពួកយើងសូមចូលរួមអាណិតអាសូរពេកក្រៃដល់ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងនោះនិងសូមជូនពរឲ្យពួកគេឆាប់ចេញពីគ្រោះថ្នាក់ទាំងនោះដោយសុវត្ថិភាព។

[…] ពួកយើងសង្ឃឹមថា ពួកគេនឹងអាចជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេឆាប់ៗនេះ ហើយបើសុខភាពពួកគេបានបាននឹងធឹងឡើងវិញ ពួកយើងរីករាយនឹងអញ្ជើញក្រុមបាល់ទាត់ទាំង១២រូប រួមជាមួយគ្រូបង្វឹករបស់ពួកគេ ដើម្បីមកចូលរួមទស្សនានូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ World Cup ឆ្នាំ២០១៨ ដែលប្រពឹ្រត្តិទៅនៅទីក្រុង Moscow ប្រទេសរុស្ស៊ី ហើយពួកយើងសង្ឃឹមអស់ពីសុទ្ធចិត្តថា ពួកគេនឹងអាចមកចូលរួមពិធីដ៏អស្ចារ្យនេះបាន៕ »

FIFA
សំបុត្ររបស់សហព័ន្ធ FIFA

សូម​បញ្ជាក់​ផង​ដែរ​ថា ក្មេង​ៗ 12 នាក់ និង​គ្រូបង្វឹក​របស់​ពួក​គេ​ម្នាក់​ត្រូវ​បាន​ជាប់​នៅ​ខាងក្នុង​រូងភ្នំ​ថាំ​ហ្លួង​តាំងពី​ថ្ងៃ​ទី​23 ខែមិថុនា ។ ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​ក្នុងស្រុក​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​ពួក​គេ​ឱ្យ​ចាក​ចេញពី​រូងភ្នំ​នោះ ប៉ុន្តែ​ស្ថានភាព​ស្មុគស្មាញ​ខ្លាំង ដោយសារ​តែ​ទឹកជំនន់ ។ ពួក​គេ​ត្រូវ​នៅ​លើ​ទីទួល​ខាងក្នុង​រូងភ្នំ​នោះ​ដើម្បី​សុវត្ថិភាព​អាយុជីវិត​របស់​ពួក​គេ​បាន ៕