Fiorentina បានធ្វើឱ្យ AC Milan ចាញ់ជាលើកទី៣ជាប់គ្នាក្នុងក្របខ័ណ្ឌ Serie A រដូវកាល២០១៩-២០នេះ ដោយឆក់យកជ័យជម្នះ៣-១នៅ San Siro យប់ថ្ងៃអាទិត្យទី២៩ខែកញ្ញា។

photo of Fiorentina
Fiorentina 3-1 AC Milan

Erick Pulgar បានបើកការនាំមុខសម្រាប់ភ្ញៀវ Fiorentina ដោយបាល់ពិន័យ១១ម៉ែត្រក្នុងនាទី១៤ មុនពេលម្ចាស់ផ្ទះ AC សល់គ្នាត្រឹម១០នាក់ពេល Mateo Musacchio រងពិន័យកាតក្រហមក្នុងនាទី៥៥ចំពោះការបើកបាតដាក់ Franck Ribery។

Gaetano Castrovilli បង្កើនការនាំមុខសម្រាប់ Fiorentina ក្នុងនាទី៦៦ តែក្រុមបង្វឹកដោយលោក Vincenzo Montella បាត់អស់១គ្រាប់ដោយសារបាល់ពិន័យ១១ម៉ែត្ររបស់ Federico Chiesa ត្រូវបានសង្គ្រោះដោយ Gianluigi Donnarumma។

យ៉ាងណាក្ដី តារាជើងចាស់បារាំង Ribery ធានាជ័យជម្នះក្រៅផ្ទះជាលើកដំបូងសម្រាប់ Fiorentina ក្នុងនាទី៧៨ មុនពេល Rafael Leao បញ្ចេញសមត្ថភាពផ្ទាល់ខ្លួនយ៉ាងចំណានដោយញាក់បាល់ផុតខ្សែការពារជាច្រើននាក់ដើម្បីស៊ុតយកគ្រាប់លួងចិត្តសម្រាប់ AC ក្នុងនាទី៨០។

AC Milan ដែលបង្វឹកដោយអតីតគ្រូ Sampdoria ជនជាតិស្វ៊ីស Marco Giampaolo ពេលនេះកំពុងឈរលេខរៀងទី១៦ក្រោយលេងបាន៦ប្រកួតដំបូង រកបានត្រឹម៦ពិន្ទុប៉ុណ្ណោះ។

ប្រកួតបន្ទាប់ AC នឹងធ្វើដំណើរទៅទឹកដី Genoa នៅថ្ងៃសៅរ៍ទី៥ខែតុលា ខណៈក្រុមលេខ៩ Fiorentina នឹងស្វាគមន៍ Udinese នៅថ្ងៃបន្ទាប់៕