Gary Cahill ខ្សែការពាររបស់ Chelsea ផ្ទេរទៅ Crystal Palace គ្មានតម្លៃខ្លួន

ខ្សែការពារជើងចាស់វ័យ ៣៣ឆ្នាំ Gary Cahill ត្រូវបានក្រុមតោខៀវ Chelsea បើកភ្លើងខៀវចាកចេញពីក្លឹប នៅចុងបញ្ចប់នៃរដូវកាលចាស់ដើម្បីចូលរួមជាមួយ Crystal Palace ក្នុងកិច្ចសន្យា ២ឆ្នាំ។ បន្ទាប់ពីចំណាយពេល ៧រដូវកាលជាមួយក្លឹប និងបានឈ្នះពានរង្វាន់ធំៗចំនួន ៨ ក្នុងអាជីពកន្លងមកអតីតខ្សែការពារ ក្រុម Bolton និង Aston Villa រូបនេះក៏ធ្លាប់បានបង្ហាញខ្លួន ៦១ប្រកួតអោយអង់គ្លេសមុនពេលលាឈប់ពីកាតព្វកិច្ចបាល់ទាត់អន្តរជាតិនៅខែសីហា ឆ្នាំ២០១៨។

Cahill ជាប់ជម្រើស ១១នាក់ដំបូងអោយក្រុមតោខៀវ Chelsea ចាប់តាំងពីរដូវកាល ២០១២-១៣ ប៉ុន្តែ បង្ហាញខ្លួនបានតែ ២ប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលចាស់។ គាត់គឺជាការចុះហត្ថលេខាទីបី សម្រាប់ក្រុមស្ទាំងខៀវ Crystal Palace បន្ទាប់ពីកីឡាករ Stephen Henderson និង Jordan Ayew។

លោក Roy Hodgson ដែលជាគ្រូបង្វឹក Crystal Palace បានផ្តល់បទសម្ភាសន៏ថាៈ ខ្ញុំធ្លាប់ធ្វើការជាមួយ Gary ក្នុងអំឡុងពេលជាគ្រូបង្វឹកជម្រើសជាតិជាតិអង់គ្លេសហើយដឹងពីសមត្ថភាពរបស់គាត់ ខ្ញុំពិតជារីករាយណាស់ដែលបានធ្វើការជាមួយគាត់ម្តងទៀត។