តារាបាល់ទាត់​ Gerard Pique របស់​ក្លឹប Barcelona បាន​និយាយ​ថា​ គេទទួលបានជោគ​ជ័យ​ក្នុងអាជីព​ជា​កីឡាករ​បាល់ទាត់​ដោយសារ​ពេលវេលា​នៅ​ក្លឹប Manchester United។ កីឡាករ​ខ្សែ​ការពារ​កណ្ដាល​រូបនេះ​បាន​ផ្ទេរ​មក​លេង​នៅ​ក្រុម​បិសាចក្រហម​ពេល​ដែល​គេ​មានវ័យ ១៧ឆ្នាំ​កាលពី​ឆ្នាំ​២០០៤ មុន​នឹង​វិល​មក​ Barcelona វិញ​នៅ ៤ឆ្នាំ​ក្រោយ​មក។

photo of Gerard Pique
Gerard Pique

Pique ដែល​បានបង្ហាញខ្លួន​ចូលលេង​បាន ២៣លើក​ជាមួយ​ក្រុមបិសាចក្រហម​ បានទទួលស្គាល់ថា​ គេ​មិនបានចូលលេង​គ្រប់គ្រាន់តាមដែលគេចង់នោះទេ ក្រោមការ​ដឹកនាំ​របស់លោក Alex Ferguson ប៉ុន្តែគេបានរៀនសូត្រជាច្រើន​ ហើយ​គេអាច​ទទួលបានដូចថ្ងៃនេះ ក៏​ដោយសារពេលវេលា​ដែល​គេ​លេង​នៅ​ក្លឹប​អង់គ្លេស​មួយនេះ​ដែរ។ ជាមួយ​ក្រុមបិសាចក្រហម គេធ្លាប់ឈ្នះបានពាន​លីគ​កំពូលអង់គ្លេស​ ពាន​យូហ្វា​ឆេម​ពានស៍​លីគ​ និងពាន League Cup ក្នុងអំឡុងពេល ៤ឆ្នាំ​ដែល​គេ​លេង​នៅអង់គ្លេស។

Pique បាន​និយាយ​ប្រាប់​សារព័ត៌​មាន Observer ថា៖ “ពេល​ដែល​ខ្ញុំ​ត្រូវចាកចោល​មិត្ត​ភក្ដិ ដើម្បីទៅលេង ៤ឆ្នាំ​នៅ​ក្លឹប Manchester United គឺពិបាក​ណាស់។ ក្នុងពេលតែមួយ នោះក៏ជាពេលវេលា​ដែលផ្ដល់​នូវ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​សម្រាប់ខ្ញុំ​ផងដែរ។ ខ្ញុំ​បានរីកចម្រើន​ច្រើន​នៅទីនោះ។ ខ្ញុំ​អាចដូចជាថ្ងៃនេះ​ដោយសារ​ពេលវេលា​ដែលខ្ញុំ​លេង​នៅ​ក្លឹប Manchester United ទោះ​បីជាខ្ញុំ​មិនសូវបានចូលលេង​ច្រើន​ដូចដែលខ្ញុំ​ចង់​បាន​ក៏ដោយ”។

“ប៉ុន្តែ​នៅ​ក្នុងតួនាទីដូចជាតួនាទីរបស់ខ្ញុំ មាន​កីឡាករ​ខ្សែការពារកណ្ដាល ២រូប​ដែល​ឋិត​ក្នុងចំណោម​កីឡាករ​ឆ្នើមកំពូលទាំង៣ នៅពេលនោះ​គឺ Rio Ferdinand និង Nemanja Vidic។ បុ៉ន្តែបាន​នៅ​ប្រទេស​កំណើត និង​មានអាជីព​នៅប្រទេសកំណើត​ជារឿង​ដ៏​រីករាយ​បំផុត​ដែល​ខ្ញុំ​មានមោទនភាព”។

កីឡាករ​ដែល​មានវ័យ ៣២ឆ្នាំ​រូបនេះ​ក៏បាន​និយាយ​ផង​ដែរ​ថា​គេ​នឹង​សម្រេចចិត្ត​​ចូលនិវត្តន៍ឬយ៉ាងណា។

“ពេលនេះ ការគិតរបស់ខ្ញុំនោះគឺ​រាល់ឆ្នាំអាចជាឆ្នាំ​ចុងក្រោយ​របស់ខ្ញុំ។ ខ្ញុំ​ចង់​ចូលរួម​ឱ្យ​បានច្រើន​បំផុត​តាម​ដែល​អាចធ្វើបាន​នៅ​ក្នុង​កីឡា​បាល់ទាត់។ ខ្ញុំ​ចង់​បញ្ចប់អាជីព​របស់ខ្ញុំ​ឱ្យ​បានល្អ​បំផុត​។ ខ្ញុំមិនច្បាស់ទេ​ថា​ខ្ញុំ​នឹង​លេង ១ឆ្នាំ ២ឆ្នាំ ឬក៏​ ៥ឆ្នាំ​ទៀត។ ប៉ុន្តែខ្ញុំរីករាយ​ដែលបានលេង​នៅ Barcelona”៕