photo of Steven Gerrard
អ្នកចាត់ការ Rangers លោក Steven Gerrard

អ្នកដឺកនាំរបស់ក្រុម Rangers លោក Steven Gerrard បានស្នើឱ្យកីឡាកររបស់លោកទាំងអស់ប្រឹងលេងឱ្យបានល្អបំផុតដើម្បីយកជ័យជម្នះលើ ក្រុម​ Feyenoord ក្នុងពាន Europa League ម៉ោង២យប់ថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញាឆ្នាំ២០១៩នេះ ដើម្បីឧទ្ទិសជូនវីរបុរសរបស់ក្លិប Fernando Ricksen ដែលបានបាត់បង់ជីវិតម្សិលមិញក្នុងវ័យ៤៣ឆ្នាំដោយសារជំងឺកោសិកាប្រសាទ។

photo of Fernando Ricksen
Fernando Ricksen វីរបុរសរបស់ក្លិប Rangers ដែលបានបាត់បង់ជីវិតម្សិលមិញ

អតីតខ្សែការពារជម្រើសជាតិហុល្លង់ Ricksen បានលេងឱ្យ Rangers ជាង២៥០ប្រកួតរវាងឆ្នាំ២០០០ដល់២០០៦ និងបានរួមចំណែកជួយក្រុមឈ្នះពានជាច្រើន។

មុនការប្រកួតយប់នេះ Gerrard បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «វាជាដំណឹងដ៏ក្រៀមក្រំសម្រាប់គ្រប់គ្នាដែលពាក់ព័ន្ធជាមួយក្លិប ហើយរឹតតែសំខាន់គឺគ្រួសារវ័យក្មេងរបស់គាត់(Ricksen)។ តាងនាមឱ្យក្លិប ខ្ញុំចង់ឧទ្ទិសជូនគាត់»។

photo of Fernando Ricksen

 

«គាត់ធ្លាប់ជាកីឡាករដ៏អស្ចារ្យម្នាក់ដែលមានអាជីពដ៏ជោគជ័យ។ ខ្ញុំប្រាកដថានឹងមានភាពក្ដុកក្ដួលខ្លាំងនៅក្នុងស្តាតយប់នេះ ហើយខ្ញុំគិតថា Fernando ស័ក្ដិសមនឹងទទួលបានដូច្នេះ។ ខ្ញុំច្បាស់ថាអ្នកគាំទ្រក្រុមទាំងសងខាងនឹងបង្ហាញការគោរពចំពោះគាត់។ គាត់ជាទូតដ៏អស្ចារ្យម្នាក់ ហើយគាត់ក៏ជាគំរូដ៏អស្ចារ្យមួយផងដែរចំពោះរបៀបលេងដ៏ប្ដូរផ្ដាច់និងក្លាហានរបស់គាត់។ ពួកយើងសូមឱ្យអ្នកគាំទ្រលើកទឹកចិត្តពួកយើងឱ្យបានល្អ ព្រោះខ្ញុំគិតថាវានឹងជាការឧទ្ទិសដ៏ល្អមួយចំពោះគាត់ បើពួកយើងអាចលេងបានល្អហើយព្យាយាមយក៣ពិន្ទុពេញ»៕