Haaland ប្រាប់ពីមូលហេតុផ្លាស់មកកាន់ Man City
ខ្សែប្រយុទ្ធ Erling Haaland បានចុះកុងត្រាផ្លាស់មកក្លឹប Manchester City ជាផ្លូវការនៅក្នុងថ្ងៃនេះដោយមានកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៧។ នៅក្នុង Haaland ក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយក្លឹបនេះជាលើកដំបូង ហើយក៏បានប្រាប់ពីមូលហេតុដែលផ្លាស់មកទីនេះ។

Haaland បាននិយាយថា៖” ជាដំបូងគឺដោយសារតែប៉ារបស់ខ្ញុំជាចំណែកក្នុងរឿងហ្នឹងបន្តិចដែរ។ ដូចដឹងស្រាប់អញ្ចឹង ខ្ញុំកើតនៅអង់គ្លេស។ ខ្ញុំជាអ្នកគាំទ្ររបស់ក្លឹបហ្នឹងពេញមួយជីវិតរបស់ខ្ញុំទៅហើយហ្នឹង អញ្ចឹងហើយខ្ញុំដឹងច្រើនពីក្លឹបនេះ “។
កីឡាករនេះបន្តថា៖” ជាចុងក្រោយទៀតគឺមាន២ចំណុចទៀតដែលធ្វើខ្ញុំសម្រេចបែបហ្នឹងគឺទី១ ខ្ញុំមានអារម្មណ៍ថាកន្លែងនេះជាផ្ទះខ្ញុំ អញ្ចឹងខ្ញុំគិតថាអាចអភិវឌ្ឍ និងធ្វើឲ្យល្អបំផុតក្នុងការប្រកួតរបស់ក្លឹបហ្នឹង។ បន្ទាប់មកគឺខ្ញុំចូលចិត្តរបៀបលេងនៅនេះ។ ខ្ញុំចូលលេងបាល់បែបប្រយុទ្ធ។ ខ្ញុំចូលចិត្តភាពវិជ្ជមានរាល់ការប្រកួតទាំងអស់របស់ក្លឹបនេះ។ អញ្ចឹងហើយទាំងនេះជាអ្វីដែលខ្ញុំពេញចិត្តនៅក្លឹបនេះ អញ្ចឹងហើយខ្ញុំគិតថាចំណុចទាំងនេះគឺត្រូវនឹងខ្ញុំណាស់ “។
មិនតែប៉ុណ្ណោះ Haaland ក៏បានរំពឹងផងដែរថា នឹងមានការអភិវឌ្ឍខ្លួនច្រើនក្រោមការដឹកនាំរបស់ Pep និងក្លឹបនេះ ជាពិសេសនឹងធ្វើឲ្យសមត្ថភាពខ្លួនកាន់តែល្អប្រសើរ និងស៊ុតចូលបានច្រើន៕