​ខ្សែ​ប្រយុទ្ធ Sebastien Haller បាន​ចាកចេញ​​ពី​ជំរុំ​ហ្វឹកហាត់​ Pre-season ​របស់ Borussia Dortmund ក្នុង​ប្រទេស​ស្វីស បន្ទាប់​​ពី​ដុំ​សាច់​មួយ​​​រក​ឃើញ​​នៅ​ក្នុង​ពងស្វាស​របស់​គេ។

Sebastien Haller
Sebastien Haller

​កីឡាករ​វ័យ​២៨​ឆ្នាំ​សញ្ជាតិ​កូឌីវ័រ​​ទើប​តែ​ផ្លាស់​មក​កាន់ Dortmund ផ្ទេរ​ពី Ajax ក្នុង​រដូវ​ក្ដៅ​នេះ​ក្នុង​តម្លៃ​ខ្លួន​​៣១​លាន​អឺរ៉ូ។ ក្លឹប Dortmund បាន​ចេញ​សេចក្ដី​ប្រកាស​ថា Haller ​មាន​អារម្មណ៍​​មិន​ស្រួល​ខ្លួន បន្ទាប់​ពី​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ច័ន្ទ។ តាម​រយៈ​ការ​តេស្ដ​ពិនិត្យ​សុខភាព​​បាន​រក​ឃើញ​មាន​ដុំ​សាច់​ដុំ​ក្នុង​ពងស្វាស​របស់​គេ។

ការ​ពិនិត្យ​បន្ថែម​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ខណៈ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​​ក្រុម​គ្រួសារ​របស់​ក្លឹប Dortmund ទាំង​អស់​​មាន​ការ​ភ្ញាក់ផ្អើល​​ជា​ខ្លាំង។ Haller បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​ក្លឹប​ធំ​នៅ​អឺរ៉ុប បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​​ឡើង​ខ្លាំង​នៅ Ajax មួយ​រដូវ​កាល​កន្លះ៕