Havertz ថា ខ្លួនរង់ចាំអស់១៥ឆ្នាំ ទើបស្គាល់រស់ជាតិឈ្នះពាន Champions League
ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Kai Havertz បាននិយាយថា រូបគេបានធ្វើការងារអស់១៥ឆ្នាំ ទើបតែជួបពេលវេលា ដែលរូបគេបានស៊ុតបាល់បញ្ចូលទីដើម្បីជួយឲ្យក្រុម Chelsea ឈ្នះពាន Champions League ពេលប្រកួតជាមួយនឹងក្រុម Manchester City កាលពីថ្ងៃសៅរ៍។

គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៤២របស់ Havertz ដែលជាគ្រាប់បាល់ទី១របស់គេរបស់ Chelsea ក្នុងក្របខ័ណ្ឌ Champions League នោះ បានជួយឲ្យក្រុមតោខៀវ ឈ្នះពានក្រខ័ណ្ឌកំពូលអឺរ៉ុបជាលើកទី២របស់ពួកគេ ក្នុងរយៈពេល៩ឆ្នាំ ក្រោយពីពួកគេបានផ្តួលក្រុម Bayern Munich ដើម្បឈ្នះពានជាលើកទី១របស់ពួកគេ។ Havertz វ័យ២១ឆ្នាំ បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ខ្ញុំមិនដឹងថា ត្រូវនិយាយអ្វីឡើយ។ ខ្ញុំបានរង់ចាំអស់ពេលជាយូរមកហើយ។ ខ្ញុំបានធ្វើការអស់១៥ឆ្នាំ ដើម្បីតែពេលវេលាបែបនេះ។ ខ្ញុំពិតជារំភើបណាស់»។

ខ្សែការពារ Cesar Azpilicueta ប្រធានក្រុមរបស់ Chelsea បានកោតសរសើរខ្សែប្រយុទ្ធរូបនេះ តាមរយៈការនិយាយថា៖ «ស្មារតីរបស់ Havertz ពិតជាល្អ។ រូបគេជាកីឡាករដ៏ឆ្នើម និងមានល្បឿនដ៏លឿន ហើយនេះ គឺជាមូលហេតុដែលរូបគេសមនឹងទទួលបាន»៕