Havertz បរិច្ចាគប្រមាណ ២៣ម៉ឺនដុល្លារទៅកាន់ជនរងគ្រោះទឹកជំនន់នៅអាល្លឺម៉ង់
ខ្សែបម្រើអាល្លឺម៉ង់កីឡាករ Kai Havertz បានបរិច្ចាគទឹកប្រាក់ប្រមាណ ២៣ម៉ឺនដុល្លារទៅកាន់ជនរងគ្រោះដោយសារទឹកជំនន់នៅប្រទេសអាល្លឺម៉ង់ តាមរយៈកាកបាទក្រហមអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

កីឡាកររូបនេះបានប្រាប់សារព័ត៌មានខាងលើថា ខ្លួនមានបំណងចង់ជួយជនរងគ្រោះដោយគ្រោះទឹកជំនន់នៅស្រុកកំណើតរបស់ខ្លួន ហើយថែមទាំងមានបំណងរៃអង្គាសទឹកប្រាក់ ដើម្បីជួយបន្ថែមទៀត។
Havertz បាននិយាយថា៖ “គ្រួសារខ្ញុំរស់នៅតំបន់រងគ្រោះនោះ ហើយយើងដឹងថា មានមនុស្សជាច្រើនបាត់បង់ទីលំនៅ។ ពួកគេបាត់បង់គ្រប់យ៉ាង ហើយពួកគេមិនមានកន្លែងដេក ឬ ផ្ទះខ្លះទៀតមិនមានថាមពលអគ្គិសនីនោះទេ ហើយថែមទាំងមានមនុស្សខ្លះ មិនមានអាហារ ឬ សំលៀកបំពាក់ទៀតផង”។
បន្ថែមពីបរិច្ចាគប្រមាណ ២៣ម៉ឺនដុល្លារ កីឡាកររូបនេះក៏ដាក់លក់ដេញថ្លៃស្បែកជើងបាល់ទាត់រចនាម៉ូដពិសេសចំនួន ១០០គូរ ដែលក្នុងនោះមាន ១គូ ដែលខ្លួននឹងពាក់ពេលលេងប៉ះនឹង Arsenal ក្នុងថ្ងៃអាទិត្យខាងមុខនេះ។ កីឡាកររូបនេះនឹងយកលុយដែលលក់បានប៉ុន្មានដើម្បីបរិច្ចាគតទៅទៀត។
សូមជម្រាបផងដែរថា នៅទ្វីបអឺរ៉ុបមានគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ដែលកើតឡើងដោយភ្លៀងយ៉ាងធំកាលពីខែកក្កដាកន្លងទៅ។ មានសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា មនុស្សប្រមាណ ១៨៤នាក់បានស្លាប់នៅអាល្លឺម៉ង់ ខណៈទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារត្រូវបានខូចខាត៕