Hazard ស៊ុត ២គ្រាប់ជួយក្រុមបែលហ្ស៊ិក យកឈ្នះរុស្ស៊ី ៣-១ នៃវគ្គជម្រុះ Euro 2020

ការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2020 ក្រុមជម្រើសជាតិបែលហ្ស៊ិក បានយកឈ្នះក្រុមជម្រើស ជាតិរុស្ស៊ី ក្នុងលទ្ធផលផ្លូវការ ៣-១ គ្រាដែលកីឡាករខ្សែប្រយុទ្ធឆ្នើម Eden Hazard រកបាន ២គ្រាប់ម្នាក់ឯងនា រាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
សម្រាប់ការប្រកួត ក្រុមម្ចាស់ផ្ទះបិសាចក្រហមបែលហ្ស៊ិក រកបាន ៣គ្រាប់ដោយកីឡាករខ្សែបម្រើ Youri Tielemans នាទីទី១៤ ខណៈខ្សែប្រយុទ្ធឆ្នើមមកពីក្លឹបតោខៀវ Chelsea, Eden Hazard រកបាន ២គ្រាប់ម្នាក់ឯង នៅនាទី៤៥ និងនាទី៨៨ និង១គ្រាប់របស់ក្រុមភ្ញៀវខ្លាឃ្មុំទឹកកករុស្ស៊ី រកបានដោយកីឡាករ Denis Cheryshev នៅនាទី១៦។

ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Roberto Martinez រកបាន ៣ពិន្ទុក្នុងទឹកដីនៅ ថ្ងៃបើកឆាកជម្រុះ Euro 2020 ដើម្បីឡើងទៅឈរលេខ៣ បណ្តោះអាសន្នប្រចាំពូល I ក្នុងចំណោម សាយប្រឺស និងកាហ្សាក់ស្ថានដែលសុទ្ធសឹងទទួលបានជ័យជម្នះដូចគ្នា៕