photo of Hugo Lloris
អ្នកចាំទី Hugo Lloris របស់ Spurs

ក្លិប Spurs បានអះអាងថា អ្នកចាំទី Hugo Lloris នឹងត្រូវអវត្តមានពីការប្រកួតទាំងរហូតដល់ឆ្នាំថ្មី ក្រោយភ្លាត់កែងដៃអំឡុងបរាជ័យជាមួយក្រុម Brighton កាលពីថ្ងៃសៅរ៍។

អ្នកចាំទី Hugo Lloris ដែលជាប្រធានក្រុមនៃក្រុម Tottenham Hotspur នឹងមិនតម្រូវឲ្យទទួលការវះកាត់ទៅលើកែងដែលភ្លាត់ ដែលរូបគេបានជួបប្រទះ ក្នុងការប្រកួតកាលពីចុងសប្តាហ៍ឡើយ ប៉ុន្តែ អ្នកចាំទីរូបនេះ ត្រូវបានប្រកាសថា នឹងត្រូវអវត្តមានរហូតដល់ខែមករា ដោយសារតែរបួសដាច់សរសៃ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃចន្ទ។

photo of Hugo Lloris

Lloris បានជួបបញ្ហារបួស ក្នុងពេលក្រុម Tottenham បានរងបរាជ័យ ៣-០ ក្នុងការប្រកួតក្របខ័ណ្ឌលីកនៅលើទឹកដីក្រុម Brighton & Hove Albion កាលពីថ្ងៃអាទិត្យ។ អ្នកចាំទីអន្តរជាតិបារាំងវ័យ ៣២ឆ្នាំរូបនេះ បានដួលធ្លាក់យ៉ាងខ្លាំងនៅពីមុខទីរបស់គេ ក្នុងពេលរូបគេបានព្យាយាមសង្គ្រោះបាល់របស់កីឡាករ Neal Maupay ក្រោយពីបានបញ្ជូនបាល់ធ្លាក់ចំពីមុខរបស់ខ្សែប្រយុទ្ធនៃក្លិប Brighton រូបនេះ។

photo of Hugo Lloris

រូបគេបានទទួលការព្យាបាលដោយក្រុមបុគ្គលិកពេទ្យរយៈពេល ៦នាទីនៅលើទីលានប្រកួត នៅមុនពេលសែងចេញ ស្របពេលដែលរូបគេក៏ទទួលបានជំនួយពីខ្យល់អុកស៊ីសែនផងដែរ។ ក្លិប Spurs បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការពិនិត្យផ្សេងៗបានបង្ហាញថា បើទោះបីការវះកាត់មិនត្រូវបានតម្រូវឲ្យធ្វើឡើងក៏ដោយ ប៉ុន្តែប្រធានក្រុមរបស់យើង បានរបួសសរសៃកែងដៃ និងមិនត្រូវបានរំពឹងទុកថា នឹងវិលចូលលេងវិញ នៅមុនពេលបញ្ចប់ឆ្នាំ២០១៩ ឡើយ»។ ក្លិបបានបន្ថែមទៀតថា៖ «Hugo បច្ចុប្បន្ន ទទួលបានការអបដៃរបស់គេ ហើយនិងត្រូវសម្រាកមួយរយៈពេល និងព្យាយាមវិលទៅរកភាពរឹងមាំវិញ ក្រោមការពិនិត្យពីក្រុមគ្រូពេទ្យនៅឯមន្ទីរពេទ្យ Hotspur Way»៕