ក្រុម​ណាហ្គា​វើ​ល​បាន​បង្កើន​ភាគរយ​កាន់តែ​ខ្ពស់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុម​បឹងកេត ១-០ នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១​កាលពី​ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

photo of Nagaworld FC
Nagaworld FC

កីឡាករ ញឹម សុវណ្ណារ៉ា បានតែ​តបាល់​បញ្ចូល​ទី​នាំមុខ ១-០ ដើម្បី​នាំ​ភាពសប្បាយ​រីករាយ​សម្រាប់​ណាហ្គា​វើ​ល​នៅ​៣​នាទី​ដំបូង​ក្នុង​វគ្គ​ទី​១​ក្រោម​ការបញ្ជូន​បាល់​ចេញពី​ជ្រុង​របស់​កីឡាករ សួង វីរៈ ខណៈ​កីឡាករ​បឹងកេត​បាន​ត្រឹម​ឈរ​មើល​ជាមួយ​ការបង្ហាញ​អារម្មណ៍​សម្តែង​ការហួសចិត្ត​ប៉ុណ្ណោះ​។ ការនាំ​មុននេះ​បានធ្វើ​ឲ្យ​បឹងកេត​បង្កើន​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​មកលើ​ណាហ្គា​វើ​ល តែ​ក្រុម​នេះ​នៅតែ​មិនអាច​សម្រេច​ទី​បាន​នោះទេ​។ ទោះបី​ក្រុម​ទាំងពីរ​បាន​បង្កើន​ការ​វាយបក​និង​បង្កើត​ឱកាស​មាស​ទៅវិញទៅមក​រៀងៗ​ខ្លួន​ក៏ដោយ តែ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល ១-០ រហូត​ចប់​វគ្គ​ទី​២​។

​ជ័យជម្នះ ១-០ ក្នុង​ជើង​ទី​១​នេះ​បាន​ជួយ​បង្កើន​ឱកាស​កាន់តែ​ខ្ពស់​សម្រាប់​ណាហ្គា​វើ​ល​ក្នុងការ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ពោលគឺ​ណាហ្គា​វើ​ល​ត្រូវការ​ត្រឹម​ស្មើ​នា​ការប្រកួត​ជើង​ទី​២​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៣ ខែធ្នូ ដើម្បី​ឡើងទៅ​វគ្គ​បន្ត​។ ចំណែក​បឹងកេត​ទាមទារ​យកឈ្នះ​ណាហ្គា​វើ​ល​លើស​ពីមួយ​គ្រាប់ ដើម្បី​បាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​។

ប្រភព៖ thmeythmey