Iniesta អាចនឹងផ្ទេរទៅលេងនៅក្លឹបលីគកំពូលជប៉ុន J1 League

Andres Iniesta បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃពុធថា រូបគេនឹងធ្វើដំណើរទៅកាន់ «ផ្ទះថ្មី» ជាមួយនឹង «មិត្តភ័ក្តិ» របស់គេគឺលោក Hiroshi Mikitani ដែលជាម្ចាស់ក្លិប Vissel Kobe របស់ជប៉ុន ដើម្បីបង្ហាញថា រូបគេនឹងត្រូវលេងនៅទីនោះ ក្រោយពីចាកចេញពីក្លិប Barcelona។
កីឡាករវ័យ៣៤ឆ្នាំបានចូលលេងចុងក្រោយដែលជាប្រកួតទី៦៧៤ឲ្យក្លឹប Barcelona ជាជើងឯក La Liga កាលពីថ្ងៃអាទិត្យ ពេលយកឈ្នះ Real Sociedad ១-០។ កាលពីម្សិលមិញជម្រើសជាតិអេស្ប៉ាញរូបនេះបានបង្ហោះរូបអង្គុយជាមួយប្រធានក្លឹប Vissel Kobe លោក Hiroshi Mikitani និងសរសេរភ្ជាប់ថា៖ “ឆ្ពោះទៅផ្ទះថ្មី ជាមួយមិត្តរបស់ខ្ញុំ”។
លោក Mikitani វ័យ៥៣ឆ្នាំ ជាស្ថាបនិកនិងជានាយកប្រតិបត្តក្រុមហ៊ុន Rakuten ដែលឧបត្ថម្ភ Barcelona នោះ បានបង្ហោះរូបថតលើយន្តហោះឯកជនជាមួយ Iniesta ស្របពេលខ្សែបម្រើឆ្នើមអេស្ប៉ាញវ័យ៣៤ឆ្នាំរូបនេះក៏បង្ហោះរូបថតខ្លួនឯងពីលើយន្តហោះដែរ។
ក្លិប Kobe បច្ចុប្បន្នកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាងក្របខ័ណ្ឌកំពូលរបស់ជប៉ុន J-League ក្រោយពីការប្រកួត ១៥លើក ហើយពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ នៅលើតារាង កាលពីរដូវកាលមុន។ ប្រសិនបើការផ្ទេរទៅកាន់ Kobe ត្រូវបានប្រកាសជាផ្លូវការ Iniesta នឹងចូលរួមជាមួយនឹងអតីតខ្សែប្រយុទ្ធរបស់ក្លិប Arsenal គឺ Lukas Podolski ក្នុងទីក្រុងភាគខាងលិចរបស់ជប៉ុនមួយនេះ ក្រោយពីរូបគេបានបំពេញការផ្ទេរពីក្លិប Galatasaray កាលពីរដូវកាលមុន
ប្រភព៖ bbc